ព័ត៌មានជាតិ

ឆក់ឥតមេត្តា! ដកដៃមួយភ្លែតឆក់ទៅបាត់

ភ្នំពេញ: នារីម្នាក់ បានជិះម៉ូតូកង់បីខណ:ដែលដៃឆ្វេងនាងកាន់ទូរសព្ទ ដៃស្តាំសង្កត់លើកាតាបដែលនាងទុកនៅលើកង់បីនោះ គ្រាន់តែនាងដកដៃមួយភ្លែតពេលរម៉ករលាក់ខ្លាំងស្រាប់តែចោរឆក់ទៅវឹងជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នារីរងគ្រោះខាងលើមានឈ្មោះ ហេង ថារី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជួលម៉ូតូកង់បីជិះពីស្ពានអាកាសក្បាលថ្នល់ទៅគីឡូម៉ែត្រលេខ៦ដោយដៃរបស់នាងខាងឆ្វេងជាប់កាន់ទូរសព្ទហើយដៃខាងស្តាំរបស់នាងសង្កត់លើកាតាបដែលនាងបានទុកនៅលើរម៉កកង់បី ខណ:មកដល់ចំណុចកើតហេតុ ដោយរម៉ករលាក់ខ្លាំងពេកនាងបានដកដៃចេញមួយភ្លែតស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកស្របទិសគ្នាអែបពីខាងស្តាំហើយធ្វើសកម្មភាពឆក់កាតាបនាងទៅវឹងហើយជិះគេចខ្លួនបាត់ស្រមោល។

នាងបានបន្តទៀតថា សម្ភារ:ដែលនៅក្នុងកាតាបនោះមានកុំព្យូទ័រម៉ាកឌែល ពណ៌ខ្មៅ១គ្រឿង,លុយជាង១០ដុល្លារ,កាតអេធីអឹមធនាគារអេស៊ីលីដា១សន្លឹក,អត្តសញ្ញាណប័ណ្ណហ្វូតូកូបពី១សន្លឹក ហើយនៅក្នុងកុំព្យូទ័រនោះមានអខោនហ្វេសបុករបស់នាងនិងឯកសាមួយចំនួនទៀត។

ក្រោយពេលកើតហេតុនាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុនគរបាលជ្រោយចង្វារតែត្រូវនគរបាលប្រាប់ថាកើតហេតុនៅប៉ុស្តិ៍នគរបាលស្រះចក ទើបនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា នាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីឲ្យជួយអន្តរាគមន៍៕

មតិយោបល់