កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មាន ករណីឃាតកម្ម ដោយមូលហេតុទំនាស់សម្តីគ្នាក្នុងពេលផឹកស៊ី ក្លែមសាច់ឆ្កែ ជនសង្ស័យកាប់ជនរងគ្រោះនឹងពូថៅ ពេលដឹកទៅដល់ពេទ្យក៏ស្លាប់តែម្តង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះរបស់ឈ្មោះ មែក ស៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ស៊ុន ធួក ភេទប្រុស អាយុ៣៩ឆ្មាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ តាំងពីថ្ងៃរសៀលនៅផ្ទះឈ្មោះ មែក ស៊ុយ មានកាប់សាច់ឆ្កែធ្វើម្ហូបក្លែមនិងមានទិញស្រាបៀមកផឹកស៊ី លើគ្រែក្រោមផ្ទះរបស់ឈ្មោះ មែក ស៊ុយ ដែលមានគ្នា៥-៦នាក់ ក្រោយមកជនរងគ្រោះ និងជនសង្ស័យបានទាស់ពាក្យសម្ដីគ្នា លុះពេលមានឱកាសល្អ ខណៈគ្មានមនុស្សអង្គុយផឹក ជនសង្ស័យបានយកពូថៅមកកាប់ទៅលើជនរងគ្រោះចំ ក ពីក្រោយបណ្ដាលឲ្យដួលធ្លាក់ពីលើគ្រែ រួចក៏ប្រញាប់រត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុហើយនោះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាច ក្រោយបញ្ជូនដល់ មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍តែម្តង៕
មតិយោបល់