បន្ទាយមានជ័យៈ ទំនិញហាមឃាត់ ខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនមុខ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំសមត្ថកិច្ចចម្រុះ ធ្វើការត្រួតពិនិត្យនិងដកហូត ពីអាជីវករលក់ដូរក្នុងផ្សារម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល លើកិច្ចការងាររក្សាគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីរបស់លោក សហការជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត-ក្រសួង និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះពិនិត្យទំនិញ ក្នុងផ្សារម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ជាលទ្ធផល មន្ត្រីជំនាញរបស់លោកបានរកឃើញ និងដកហូតទំនិញហាមឃាត់ ខូចគុណភាព និងហួសកាលបរិច្ឆេទ មួយចំនួនរួមមាន ៖ ទឹកក្រូចថៃដបតូចចំនួន៦៥ដប ទឹកផ្លែឈើថៃ ៦៦ដប សសៃគុយទាវភ្នំពេញចំនួន១២កញ្ចប់ ទឹកស៊ីអ៊ីវចំនួន០៥ដប ទឹកសៀងចំនួន៤ដប ស្រាបៀចំនួន២៤កំប៉ុង ដំណាប់កន្ទួតគ្មានស្លាកសញ្ញាចំនួន៨គីឡូក្រាម កម្ទេចមីចំនួន៤គីឡូក្រាម ម្សៅស៊ុបខ្នរចំនួន២គីឡូក្រាម ឡេលាយចំនួន៥គីឡូក្រាម អាស៊ីតអាសេទិចចំនួន៦ដប និង ទឹកដោះគោឆៅឌីដូ មួយចំនួនផងដែរ ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះដែរ លោក ស៊ាន ស៊ីណាតក៏បានអំពាវនាវ និងសំណូមពរដល់ពលរដ្ឋដែលមានមូលដ្ឋាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ ជាពិសេស ពលរដ្ឋក្នុងមូលដ្ឋានស្រុកម៉ាឡៃតែម្តង ព្រោះថា រាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ខាងថៃតែងបើកតាឡាត់ណាត់ លក់ទំនិញ ហើយទំនិញទាំងនោះភាគច្រើន ជិតផុតកាលបរិច្ឆេទប្រើប្រាស់ទៅហើយ ដូច្នេះ សូមពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ធ្វើយ៉ាងណាពិនិត្យអោយបានច្បាស់លាស់ មុនទិញទំនិញ ឬម្ហូបអាហារទៅបរិភោគ ជៀសវាងទិញប៉ះទំនិញក្លែងក្លាយ ឬអាហារខូចគុណភាព ដែលវាអាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ខ្លួនឯងនិងកូនចៅ ៕
https://youtu.be/M2a7dpmaFUc
មតិយោបល់