ភ្នំពេញៈ ជនជាតិវៀតណាមប្រុសស្រីចំនួន១៤នាក់ ដែលឆ្លងដែនមកស្នាក់នៅ និងធ្វើការងារមិនស្របច្បាប់ នៅក្នុងទឹកដីកម្ពុជា ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃក្រសួងមហាផ្ទៃ បានចុះធ្វើការត្រួតពិនិត្យ ចាប់ឃាត់ខ្លួននៅ ៣គោលដៅផ្សេងគ្នាក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះប្រមូលជនអន្តោប្រវេសន៍វៀតណាមនេះ ធ្វើឡើងចំនួន ៣ទីតាំងផ្សេងគ្នា ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានចុះត្រួតពិនិត្យគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ក្នុងហាងកាហ្វេ (ង៉ុកងឺង) បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ក្នុងនោះស្រីម្នាក់ និងប្រុសចំនួន១០នាក់ និង២តាំងទៀត ស្ថិតនៅក្នុងភូមិមិត្តភាព និងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៣នាក់ ក្នុងនោះស្រី ២នាក់។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ១៤នាក់ខាងលើ បានចូលមកស្នាក់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា ដោយពុំស្របច្បាប់។
ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើអ្នកដែលមានឯកសារត្រឹមត្រូវសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់មកកន្លែងស្នាក់នៅវិញ តែចំពោះអ្នកគ្មានលិខិតស្នាម សមត្ថកិច្ចនឹងកសាងសំណុំឯកសារបញ្ជូនទៅប្រទេសកំណើតវិញ៕
មតិយោបល់