ភ្នំពេញៈ ស្របតាមស្ថានភាពកម្ពុជាកំពុងយកចិត្តទុកដាក់គិតគូរខ្ពស់ពីបញ្ហាទេសចរណ៍ និងការកើនឡើងនៃវិស័យទេសគួរឱ្យកត់សម្គាល់នាពេលនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) បានបនែ្ថមមុខវិជ្ជាថ្មីមួយទៀត លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP ដែលទទួលបាននៅថៃ្ងព្រហស្បតិ៍នេះបានឱ្យដឹងថា “មុខវិជ្ជាជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច (Tourism and Hospitality Management) ខ្នាតស្តង់ដារអន្តរជាតិនេះ ត្រូវបានពង្រីកបនែ្ថមចាប់ពីឆ្នាំ២០១៦ នេះតទៅ “។
សេចក្តីប្រកាសព័ត៌មានបានបនែ្ថមថា និស្សិតដែលរៀនយកជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះ នឹងទទួលបានសញ្ញាបត្រពីរបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន គឺសញ្ញាបត្រមួយទទួលបានពី AUPP និងសញ្ញាបត្រមួយទៀតទទួលបានពីសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋអាមេរិក គឺសាក លវិទ្យាល័យរដ្ឋហ្វត ហេ (Fort Hays States University) នៅរដ្ឋកាន់សាស។
មុខវិជ្ជាជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺជាមុខវិជ្ជាដ៏ពេញនិយមមួយនៅទូទាំងពិភពលោក ជាពិសេសសម្រាប់បណ្តាប្រទេសដែលមានសក្តានុពល ឬកេរ្តិ៍ដំណែលទេសចរណ៍ដូចប្រទេសកម្ពុជា។ ភ្ញៀវទេសចរបរទេស ចំនួនជិតប្រាំលាននាក់បានមកកម្ពុជានៅឆ្នាំ២០១៥ ធ្វើឱ្យកម្ពុជារកចំណូលបានចំនួនជាងបីពាន់លានដុល្លារ ហើយកម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរបរទេសចំនួន៧លាន នាក់ នឹងធ្វើដំណើរមកកម្ពុជានៅឆ្នាំ២០២០។ ពេលនោះហើយដែលនិស្សិតរៀនយកជំនាញមួយនេះ នឹងទទួលបានឱកាសការងារយ៉ាងច្រើនលើសលប់។
គួរបញ្ជាក់ថា ការបនែ្ថមមុខវិជ្ជាជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច របស់AUPP ត្រូវបានធ្វើឡើងចំពេលដែល ក្រុមប្រឹក្សាភិបាលទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប បានប្រសិទ្ធនាម «កម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកឆ្នាំ២០១៦» និងការផ្តល់មេដាយដល់សមេ្តចតេជោ ហ៊ុន សែន ជាសមាជិកកិត្តិយសរបស់សភាទេសចរណ៍អឺរ៉ុប៕
មតិយោបល់