(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ផ្សារកណ្តាល នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះបានចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមជក់គ្រឿងញៀន និងក្រុមអនាថា ចំនួន២២នាក់ ក្នុងនោះស្រី១១នាក់ នៅសង្កាត់ផ្សារកណ្តាលទី១។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ផ្សារ បានធ្វើការដកហូតថ្នាំញៀន ឧបករណ៍សម្រាប់ជក់ និងអាវុធដូចជាដាវសាំម៉ូរ៉ៃ មួយចំនួនផងដែរ។
លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានឲ្យដឹងថា ក្រោមការណែនាំពីអភិបាលខណ្ឌដូនពេញលោក គួច ចំរើន លើការចុះរៀបចំសណ្តាប់តាមមូលដ្ឋាន ក៏ដូចជា ប្រមូលជនអនាថានោះ លោកបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់សហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅត្រួតពិនិត្យនៅទឹកដីផ្សារកណ្តាលទី១ ស្រាប់តែប្រទះឃើញពួកគេជក់គ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង។
ជនសង្ស័យទាំងអស់នេះ និងវត្ថុតាងដែលរឹបអូស បានត្រូវបានបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត៕
មតិយោបល់