ភ្នំពេញៈ ម៉ូតូពីរគ្រឿងបានបុករះគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ ខណៈពេលបើកម៉ូតូបញ្ច្រាសផ្លូវមួយភ្លែត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២១៧ (មុនីរ៉េត) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើកម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1BW 4461បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូតាមផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុដោយម៉ូតូឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ1CS 7582កំពុងបើកបញ្ច្រាសផ្លូវជិះគ្នាពីរនាក់ប្រុសស្រីដោយវ៉ាក់អឺនឹងរថយន្តបើកពីមុខផងនោះ ក៏ស្លន់ជាន់ហ្វ្រាំងមិនទាន់ហើយជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យដួលភាគីខាងម៉ូតូឌ្រីមរបួសជើងធ្ងន់ធ្ងរទាំងពីរនាក់ ចំណែកខ្លួនអ្នកបើកម៉ូតូសង់កូរ៉េរបួសជើងស្រាល។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងមិនខុសគ្នានិងអ្នកបើកម៉ូតូសង់កូរ៉េប៉ុន្មាននោះទេ ហើយបានបន្តថា មុនដំបូងម៉ូតូឌ្រីមខាងលើបើកបញ្ច្រាសផ្លូវមុនីរ៉េតនៅខាងស្តាំពីលិចទៅកើត ហើយបើកទៅអែបរបាំងថ្មចែកទ្រូងផ្លូវនៅខាងឆ្វេងដែលជាចំណែកផ្លូវសម្រាប់អ្នកជិះពីទិសខាងកើតទៅខាងលិចហើយពេលនោះម៉ូតូសង់កូរ៉េបាំងរថយន្តនៅខាងមុខមើលមិនឃើញក៏ជ្រុលបុកគ្នាពេញទំហឹងតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះប្រុសស្រី២នាក់ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញចររាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕
មតិយោបល់