ភ្នំពេញៈ ក្រុមជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រុស ស្រី ចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ដោយធ្វើការដកហូតថ្នាំញៀនកញ្ចប់ធំ តូច បានសរុបចំនួន ២៥កញ្ចប់ ដែលមានទម្ងន់សរុបរហូតទៅដល់ជាង ១គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយដែលបានធ្វើឡើងចំនួន២ទីតាំងផ្សេងៗគ្នាៗនោះ។
ដោយក្នុងប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទីព្រឹក ថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០១៧នេះ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះដែរដោយទីតាំងទី១-គឺបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទីព្រឹក នៅចំណុចបន្ទប់ជួលលេខ ៣៤បេ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ២នាក់ទី១-ឈ្មោះ លាង ហេងតាយ ភេទប្រុស អាយុ ៣១ឆ្នាំ និង ទី២-ឈ្មោះ លី លីន ភេទស្រី អាយុ ២០ឆ្នាំ ដោយធ្វើការដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកសរុបកញ្ចប់ធំ តូចមានចំនួន ១៨ កញ្ចប់ ដោយកញ្ចប់ធំចំនួន ១១កញ្ចប់-ធំល្មម ៤កញ្ចប់ និងកញ្ចប់តូច ៣កញ្ចប់ ម៉ូតូធំមួយគ្រឿង ជញ្ជីងថ្លឹងចំនួន ២គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀតផង។
ទីតាំងទី២-បានធ្វើឡើងនៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិទួលរកា សង្កាត់ចអង្រែក្រោម ខណ្ឌមានជ័យ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ប្តីប្រពន្ធមានទី១-ឈ្មោះ ង្វៀង យិនតេង អាយុ ៤៩ឆ្នាំ (ប្តី) និងទី២-ឈ្មោះ ថាម ធីងហៀង អាយុ ៣៥ឆ្នាំ (ប្រពន្ធ) ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ៧កញ្ចប់(មានធំ និង តូច) ម៉ាស៊ីនចម្រាញ់គ្រឿងញៀនចំនួន ១គ្រឿង ម៉ូតូចំនួន ២គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀតផង។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង ២ទីតាំងខាងលើនេះដែរគឺបានធ្វើឡើងក្រោយពីមានការស្រាវជ្រាវអំពីសំណាក់កម្លាំងជំនាញរបស់លោក ទើបបានឈានទៅដល់ការបង្ក្រាប និង ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ៤នាក់ ដកហូតថ្នាំញៀនបានសរុបចំនួន ២៥ កញ្ចប់(ធំ និងតូច)ដែលមានទម្ងន់សរុបរហូតទៅដល់ជាង ១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀតយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់