ព័ត៌មានជាតិ

ប្រាសាទបន្ទាយឆ្មារ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

បន្ទាយមានជ័យៈ ប្រាសាទបន្ទាយឆ្មារ ដែលធ្លាប់ជាតំបន់ឆ្ងាយដាច់ស្រយាល ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បច្ចុប្បន្នប្រាសាទនេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិរាប់សិបម៉ឺននាក់ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីផ្លូវជាតិលេខ៥៦ បានស្ថាបនាសាងសង់ក្រាលកៅស៊ូរួច។

ប្រាសាទបន្ទាយមានឆ្មារ ជាប្រាសាទមួយស្ថិតនៅខាងជើងខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយផ្លូវប្រមាណជា៦០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ។

ប្រាសាទនេះ សាងសង់ឡើង នាចុងសតវត្សរ៍ទី១២ ដល់ដើមសវត្សរ៍ទី១៣ ក្នុងរាជ្យកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ពទាំង៤ របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាម នៅឆ្នាំ១១៧៧ ។ ប្រាសាទនេះ ដើមឡើយជាប្រាសាទដ៏ល្អប្រណិត តែដោយប្រទេសឆ្លងកាត់សង្គ្រាម និងដោយសារការបំផ្លិចបំផ្លាញយកក្បាលអ្នកតា ពីសំណាក់ជនខិលខូច យកទៅលក់នៅប្រទេសថៃផង ធ្វើឲ្យប្រាសាទនេះ រងការខ្ទេចខ្ទាំស្ទើរតែទាំងស្រុង ។

លោក ម៉ៅ ស៊ី មន្ត្រីនាយកដ្ឋាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នដោយមានការគិតគូរពីរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងម្ចាស់ជំនួយនានា ប្រាសាទនេះបាននឹងកំពុងតែត្រូវបានអភិរក្ស និងជួសជុលឡើងវិញ បានជាបណ្តើរៗ និងរួចរាល់នៅកន្លែងមួយចំនួនដូចជារានហាលខាងកើត និងខាងត្បូង ។

សម្រាប់គម្រោងថ្មី នាពេលខាងមុខនេះ នឹងត្រូវធ្វើការជួសជុលនូវទីតាំងណាដែលសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដូចជា ជញ្ជាំងដែលមានរូបចម្លាក់ជាច្រើន និងព្រះអង្គដៃ៣២ ដែលជាទីតាំងមួយ ត្រូវបានអ្នកស្រុកគោរពបូរជា និងជាទីចាប់អារម្មណ៍ ក្នុងការទស្សនា របស់ភ្ញៀវជាតិ និងអន្តរជាតិ ។

មន្ត្រីនាយកដ្ឋានដដែល បានឲ្យដឹងទៀតថា សម្រាប់បច្ចុប្បន្នចាប់តាំងពីផ្លូវជាតិ៥៦ នាមស្ថាបនា រួចជាផ្លូវកៅស៊ូ ដែលតភ្ជាប់ពីទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ដោយ ភ្ជាប់ទៅនឹងប្រាសាទបន្ទាយឆ្មារ នៅត្រង់ព្រំប្រទល់នៃខេត្តទាំង២ ធ្វើឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនា ក្នុងអំឡុងខែ៦ខែចុង និងដើមឆ្នាំ គឺមានទេសចរណ៍អន្តរជាតិ ពី២៥០នាក់ ទៅ៣០០នាក់ក្នុង១ខែ ដែលចំនួននេះខុសគ្នាដាច់ទៅ និងឆ្នាំមុនៗ ដែលពុំទាន់មានផ្លូវស្អាតមកកាន់ប្រាសាទបន្ទាយមានឆ្មារ។ តែអ្វីដែល ចាប់អារម្ភបំផុត គឺ ប្រាសាទបន្ទាយឆ្មារកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ ជាតិយ៉ាងច្រើន មកទស្សនាជារៀងរាល់ថ្ងៃ ។ ជាពិសេសនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេង ៗ ។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរមកទស្សនា និងកំសាន្តលេង ជាង៤ម៉ឺននាក់ ដែលច្រើនជាងឆ្នាំ២០១៥ ។

ក្រៅពីប្រាសាទបន្ទាយឆ្មារ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ ខេត្តបន្ទាយមានជ័យ នៅមានប្រាសាទ ជាច្រើនទៀតដូចជា ប្រសាទបន្ទាយទ័ព និងបារាយទឹកថ្លា ក៏ដូចជាប្រាសាទដទៃទៀតដែលនៅមិនឆ្ងាយ និងជុំវិញប្រាសាទបន្ទាយឆ្មារ៕

20160525_IMG_138220160525_IMG_138120160525_IMG_138020160525_IMG_137920160525_IMG_137820160525_IMG_137720160525_IMG_137620160525_IMG_1375

មតិយោបល់