សៀមរាបៈ លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ Post News ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានសហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង និងស្រុកស្វាយលើ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបង្កហិង្សាដោយចេតនា តាមដីកាបង្គាប់របស់តុលាការកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ហ៊ៅ ហឿរ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិ សំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តទៀតថា ការឃាត់ខ្លួនជនខាងលើនេះ គឺធ្វើឡើងតាមដីកាបង្គាប់របស់តុលាការដែលបង្គាប់ឲ្យចាប់ខ្លូនលេខ ២១៥ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៦ ពីបទ ហិង្សាដោយចេតនា កើតហេតុនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៤៕
មតិយោបល់