ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ឆក់កាបូបយ៉ាងសកម្ម ត្រូវនគរបាលនិងប៉េអឹមឃាត់ខ្លួនបានទាំង២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចក្របួចបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលកំពុងការពារក្បួនប្រតិភូ តាមគោលដៅដងផ្លូវសហពន្ធ័រុស្ស៊ី ខណៈពេលដែលជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ២នាក់បានសម្រេច បណ្តាលឲ្យដួលត្រូវបានប្រជាពលរដ្ឋស្រែកឲ្យជួយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្ស៊ី រហូតដល់មុខសាលារៀនពោធិ៍ចិនតុង ទើបកម្លាំងប្រដេញជិះបំបុក ផ្តួលរួចព័ទ្ធចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យម្នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ អៀ មករា (ហៅយ៉ា) ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ ស៊េរី២០១២ សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8761 ជាមធ្យោបាយធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណៈ។ ចំណែកបក្ខពួកម្នាក់ទៀតដែលត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបាន មានឈ្មោះ ប៉ាក់ ម៉ាហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ សុន យ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជាមួយប្អូនស្រីម្នាក់ទៀតឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1DE-2390។

តាមសម្តីស្ត្រីដែលជារងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទាំង២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិ៍ចិនតុងជិះតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូសេ១១០ សេរី២០១២ប៊ិច មកដល់ទន្ទឹមហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មារ បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត បានប្រជាពលរដ្ឋបានស្រែកថាចោរៗក៏ផ្អើល កម្លាំងប៉ូលិសអាវុធហត្ថ ជាច្រើននាក់កំពុងការពារក្បួនប្រតិភូតាមដងផ្លូវស្រាប់ ដេញចាប់បានភ្លាមៗ តែម្តង។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យម្នាក់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាប រីឯជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបាននាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់