កណ្តាលៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរម៉កកង់បីគេបានសម្រេចតាំងពីខេត្តកណ្តាល ជិះគេចខ្លួនមកដល់ភ្នំពេញហើយថែមទាំងយកកាតATM គេមកដកប្រាក់នៅទូ ធនាគារ ABA ទៀតតែត្រូវបុគ្គលិកធនាគារដកហូតកាត ទើបសមត្ថកិច្ចចុះទៅពិនិត្យតាមកាមេរ៉ាសុវត្ថិភាពរបស់ធនាគារ ឈានទៅដល់ការចាប់ខ្លួនបានតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រហូតដល់ថ្ងៃទី១២ ខែកក្កដា ទើបឃាត់ខ្លួនជនសង្ស័យបាន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៅ សម្ផស្ស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូរម៉កកង់បី ស្នាក់នៅភូមិ ឃុំ កើតហេតុ។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន ម៉ូតូរម៉កកង់បី ចំនួន១គ្រឿង, កាតATM ធនាគារABA ចំនួន១សន្លឹក និងសៀវភៅធនាគារ ១ក្បាល។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ តុងហៃ វណ្ណដេត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៤ កក្កដា ២០១៧ ម៉ោង៨យប់ ជនរងគ្រោះបានយកម៉ូតូរម៉កកង់បី មកទុកនៅមុខផ្ទះខ្លួនហើយក៏ចូលដេក ខណៈនោះក៏មាន ជនសង្ស័យបានចូលលួចម៉ូតូរឺម៉កង់បី របស់ជនរងគ្រោះជិះយកទៅភ្នំពេញ។ លុះដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី៥ កក្កដា ២០១៧ ជនសង្ស័យបានយកកាត ATM របស់ជនរងគ្រោះទៅបើកប្រាក់នៅធនាគារABA ពេលបើកនោះ ត្រូវបុគ្គលិកធនាគារដកយកកាតATMទុក ដល់នៅថ្ងៃទី១០ កក្កដា ២០១៧ អធិការដ្ឋាននគរបាលស្រុកទទួលបានព័ត៌មាននេះ កម្លាំងចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ទូATMធនាគារABAនៅសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឃើញស្គាល់ជនសង្ស័យច្បាស់ ទើបនៅថ្ងៃទី១២ កក្កដា ២០១៧កម្លាំងបានឃាត់ខ្លួនជន
សង្ស័យបន្តចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តលួចម៉ូតូរម៉កកង់៣យកទៅលក់នៅរាជធានីភ្នំពេញ បានលុយ២១ម៉ឺនរៀល លក់នៅតាមផ្លូវម្តុំស្ទឹងមានជ័យហើយ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕



មតិយោបល់