ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ទី១២ ខែ កក្កដា ឆ្នាំ ២០១៧ គឺជាថ្ងៃទី២ហើយ ទោះបីក្រោមតំណក់ទឹកភ្លៀង ក្រុមការងារមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល រួមជាមួយសាខាកាំកុងត្រូលខេត្តស្វាយរៀង មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដី និងដោយទទួលបានការចាត់បញ្ជូនរថយន្តពិសោធន៍ចល័ត បានចុះទៅធ្វើការអង្កេតទីផ្សារដូនស ស្រុករមាសហែក, ផ្សារប្រូសូត ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ស្រុកកំពង់រោទិ, ផ្សារក្រមួន និងកន្លែងលក់ដុំនូវបន្លែ ផ្លែឈើ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសតាយសេង មេនហាតធេន ក្រុងបាវិត ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ជាពិសេសគឺការស្វែងរកសារធាតុគីមីដែលហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមលើម្ហូបអាហារ តាមរយៈការធ្វើពិសោធន៍ផ្ទាល់នៅហ្នឹងកន្លែងលើ បន្លែ ផ្លែឈើ និងសាច់ មួយចំនួន ។
ជាលទ្ធផលបង្ហាញថា ពុំមានសារធាតុគីមីហាមឃាត់ត្រូវបានប្រើប្រាស់លើ សាច់ និង ផ្លែឈើឡើយ តែយើងបានរកឃើញដូចកាលពី ថ្ងៃទី ១១ ខែ កក្កដា ម្សិលមិញដែរ នូវសំណល់ថ្នាំគីមីកសិកម្ម នៅលើ មើមខ្ទឹមស នៅទីផ្សារដូនស ហើយក្រុមការងារក៏បានធ្វើការដកហូត និងណែនាំមិនឲ្យដាក់តាំងលក់នូវបន្លែប្រភេទខាងលើ ក៏ដូចជាការជូនដំណឹងដល់សារធារណៈជនទូទៅ ។
សូមបញ្ជាក់ជូនថា ផលិតផលមើមខ្ទឹមស បាននាំចូលតាមមាត់ច្រកអន្តរជាតិបាវិត តែសាខាបានជូនដំណឹងអំពីការផ្អាកការនាំចូលបណ្តោះអាសន្ន នូវផលិតផលមើមខ្ទឹមសនេះ តាំងពីពេលមុន ក្នុងវេលាដែលយើងបានបញ្ជូនគម្រូទៅកាន់មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ហើយបានរកឃើញថា មានសំណល់ថ្នាំគីមីកសិកម្ម ។ ការលើកលែងការហាមឃាត់នេះ លុះត្រាតែលទ្ធផលថ្មីបញ្ជាក់ថាមានភាពល្អប្រសើរ ។
ជាចុងក្រោយក្រុមការងារក៏បានយកគម្រូ សាច់ជ្រូក ដែលសង្ស័យថាមានប្រើប្រាស់បន្ថែមនូវសារធាតុគីមីហាមឃាត់ ឬ ខូចគុណភាព ហើយលួចនាំចូលពីប្រទេសវៀតណាម បញ្ជូនទៅកាន់មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕










មតិយោបល់