ព័ត៌មានជាតិ

លួចឆីព្រហ្មចារីក្មេងស្រីម្នាក់ គ្រាដែលឪពុកម្តាយរវល់ទៅចំការបាត់

ត្បូងឃ្មុំ: បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើកុមារីអាយុ១១ឆ្នាំម្នាក់ រហូតបានសម្រេច គ្រាដែលឳពុកម្តាយក្មេងស្រីរងគ្រោះជាប់រវល់ ទៅចំការជៀជ័រដើមកៅស៊ូ ហើយទុកកូនស្រី ឲ្យដេកនៅសំយ៉ាបមុខផ្ទះតែម្នាក់ឯង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ឧសភា ២០១៦នេះ ស្ថិតនៅក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កប ប៊ុនថា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះសសត អាយុ១១ឆ្នាំ មុនពេលកើតហេតុឳពុកម្តាយក្មេងស្រីរងគ្រោះ បានជាប់រវល់ចេញទៅចំការ ប្រហែលជាម៉ោងជាង២យប់ ដើម្បីជៀជ័រដើមកៅស៊ូ ដែលទុកឲ្យកូនតូចៗចំនួន៣នាក់ដេកនៅផ្ទះ ដោយក្មេងស្រីរងគ្រោះដេក នៅសំយ៉ាបមុខផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យចូលទៅធ្វើសកម្មភាព ចាប់រំលោភនាងរហូតបានសម្រេចតែម្តង។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ និងការអះអាងរបស់ក្មេងស្រីរងគ្រោះពីអត្តសញ្ញាណជនសង្ស័យ ទើបឈានដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាពប្រាំ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការសួរនាំ និងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់៕

photo_2016-05-25_18-46-55 photo_2016-05-25_18-46-52 photo_2016-05-25_18-46-56 photo_2016-05-25_18-46-54 (2) photo_2016-05-25_18-46-54photo_2016-05-25_18-53-05

មតិយោបល់