កំពង់ធំៈ ប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារ នៅភូមិសូងសាង ឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ បាន និងកំពុងប្រឈមមុខនឹងការដកហូតដីធ្លី ដែលពួកគាត់ខ្លះបានកាន់កាប់ និងអាស្រ័យផល តាំងពីឆ្នាំ១៩៩៧ និងខ្លះទៀត នៅ២០០០ រហូតមកទល់បច្ចុប្បន្ន។ ពួកគាត់បានសុំឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយពួកគាត់បានកាន់កាប់ដីនេះស្របច្បាប់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រោះពួកគាត់សុទ្ធតែជនក្រីក្រ។
ប្រជាពលរដ្ឋ បានបន្តថា កាលពីក្រុមនិស្សិតចុះវាស់ចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋនោះ គឺពួកគាត់បានទៅជួបឈ្មោះ ឆេង មេឃុំក្រយារ សុំឲ្យក្រុមនិស្សិតចុះទៅវាស់ដីនៅចំណុចនេះដែរ ប៉ុន្តែលោកមេឃុំនេះ បានប្រាប់ថា ចាំបាច់ចុះទៅវាស់អីដីនោះ គ្មានការពាក់ព័ន្ធអីនោះទេ ហើយសមត្ថកិច្ចមេព្រៃក៏មិនដែលមកហាមឃាត់អ្វីនោះដែរ។ ស្រាប់តែនៅកំឡុងខែកញ្ញា ឆ្នាំ២០១៥ មានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានមកគំរាមដកហូតដីចម្ការពួកគាត់ និងឲ្យពួកគាត់រុះរើលំនៅដ្ឋានចេញ ព្រោះយកដីនេះដាំកូនឈើស្ដារឡើងវិញ។ ចំណែកនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោកនាយខណ្ឌ គឺលោក តិប ញាតា បានមកគំរាមឲ្យពួកគាត់រុះរើលំនៅដ្ឋានចេញទៀត និងហាមមិនឲ្យសង់នៅលើដីនេះបន្តទៀត។
ជាមួយគ្នានឹងការរឹតបន្តឹងក្នុងការដកហូតរបស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើនេះ ក៏មានមនុស្ស២-៣នាក់ ជាអតីតយុវជនពិការ ដែលជាប្រមូលទិញ និងរៀបចំដីឲ្យថៅកែទិញដី ក្នុងនោះមានឈ្មោះ ឯក រ៉ុង បានមកនិយាយថា ដីទាំងនេះ បើមិនលក់ឲ្យថៅកែទេ គឺមេព្រៃគេវាស់យកអស់ហើយ។
លោក តិប ញាតា នាយខណ្ឌរបាលព្រៃឈើកំពង់ធំ បានប្រាប់ថា ដីនៅចំណុចនោះ ជាដីរក្សាទុករបស់រដ្ឋ ហើយប្រជាពលរដ្ឋទាំងនោះ បានកាន់កាប់ដោយខុសច្បាប់ ក្រោយអនុសាសន៍របស់សម្ដេច ហ៊ុន សែន ពោល គឺក្រោយពីបញ្ចប់ការចុះវាស់វែងរបស់ក្រុមនិស្សិត។ លោកបន្តថា ក្នុងអនុសាសន៍សម្ដេច ហ៊ុន សែន ឲ្យចុះវាស់វែងតែដីណា ដែលប្រជាពលរដ្ឋបានកាន់កាប់ និងមានដំណាំពិតប្រាកដ ហើយដីរបស់គាត់ ក្រុមនិស្សិតមិនបានមកវាស់នោះទេ នេះសបញ្ជាក់ដីនេះជាដីព្រៃ។
ករណីនេះ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឲ្យដឹងដែរថា ដីទាំងនោះ គឺលោកបានចុះទៅពិនិត្យផ្ទាល់ហើយ គឺជាដីព្រៃរបស់រដ្ឋ ដែលប្រជាពលរដ្ឋកាប់ទន្ទ្រានយកប្រមាណ២០០ហិកតា ហើយការអនុវត្តន៍របស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ គឺជាការអនុវត្តន៍ត្រឹមត្រូវ តាមផ្លូវច្បាប់។ ចំណែកអ្នកដែលមកនិយាយថា ឲ្យលក់ដីនេះឲ្យថៅកែប្រមូលទិញដីនោះ គឺសូមឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅគាត់ គាត់នឹងមានចំណាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋរស់នៅនោះ គឺនៅសង្ខាងផ្លូវលំធំ ស្ថិតនៅភូមិសូងសាង ឃុំក្រយារ មានផ្ទះសម្បែង មានដំណាំដាំដុះ មានសាលារៀន និងមានវត្តអារាម ជាភូមិមួយតភា្ជប់ទៅភូមិត្រពាំងទឹម (កំពុបអំបិល) ក្រៅពីនោះ សុទ្ធតែដើមឈើកៅស៊ូរបស់ក្រុមហ៊ុនទាំងអស់។ ចំណែកដីព្រៃ ដែលស្គាល់ថា ជាដីព្រៃរបស់រដ្ឋហៅថា តំបន់អង់តែននោះ នៅចុងត្រពាំងទឹម ត្រូវបានគេកាប់រានជាច្រើនកន្លែង ហើយនៅកន្លែងខ្លះខាងក្នុង ត្រូវបានគេកាប់រានរាប់រយហិកតា។ ដោយឡែក ព្រៃឡង់ ឯណុះវិញ គឺពោរពេញដោយរណាយន្ត(ត្រង់សឺនឺ) កាប់បំផ្លាញជារៀងរាល់ថ្ងៃ នៅសល់តែព្រៃ សម្បកព្រៃតែប៉ុណ្ណោះ ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ រិះគន់មេព្រៃថា ដីព្រៃមានស្រេចមិនបង្កើនយន្តការការពារនោះទេ បែរជាមកធ្វើតែដីប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលក្លាយជាភូមិនេះទៅវិញ៕
មតិយោបល់