ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនចំនួន៧កញ្ចប់

ភ្នំពេញ: បុរសជាជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យធ្វើការចាប់ឃាត់ខ្លួន ក្រោយពីធ្វើការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ និងសាលាសង្កាត់ចាក់អង្រែលើ ចុះធ្វើរដ្ឋបាល និងឆែកឆេររកឃើញលាក់ទុកថ្នាំញៀនចំនួន ៧កញ្ចប់នៅក្នុងផ្ទះនោះ។

ប្រតិបត្តិការចុះឃាត់ខ្លួននេះដែរ បានធ្វើឡើងនៅពីវេលាម៉ោង ៣ និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីលោក ម៉េង វិមានតារ អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ សុន សម្ភស្ស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងរបស់លោកបានធ្វើការសហការជាមួយកម្លាំងនគរបបាលប៉ុស្តិ៍ចាក់អង្រែលើ និងសាលាសង្កាត់ចាក់អង្រែលើ បានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះខាងលើធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន៧កញ្ចប់តូចរួមទាំងវត្ថុតាងមួយចំនួនទៀតទើបឈានទៅដល់ការចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យជួញដូរថ្នាំញៀន និងថ្នាំញៀនចំនួន៧កញ្ចប់ជាវត្ថុតាង ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់