ព័ត៌មានបច្ចេកវិទ្យា

R.I.P. Windows Phone: ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដ៏ល្បីកាលពី ១០ ឆ្នាំមុន!

Windows Phone គឺជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដ៏ពេញនិយម និងឈានមុខគេបំផុតកាលពី ១០ ឆ្នាំមុន តាមរយ:ការដាក់ឱ្យដំណើរការនៅលើទូរសព្ទដៃម៉ាក O2 និង Windows Phone។ តែជាអកុសល វាត្រូវបានបញ្ចប់ជីវិតហើយនៅពេលនេះ គឺបន្ទាប់ពីមានការស្រុតចុះនៃប្រជាប្រិយភាពជាបន្តបន្ទាប់ នៅចំពោះមុខការរីកចម្រើនជាលំដាប់នៃប្រព័ន្ធ Android និង​ iOS។

ត្រូវបានបញ្ចប់ជីវិត គឺដោយសារតែ Microsoft ដែលជាក្រុមហ៊ុននៅពីក្រោយប្រព័ន្ធនេះ បានប្រកាសផ្តាច់ការគាំទ្រលើ Windows Phone 8.1 ដែលគេចាត់ទុកថាថ្ងៃអវសានរបស់ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូនដែលសម្បូរដោយបញ្ហាមួយនេះ។

ដូច្នេះ ចាប់ពីពេលនេះតទៅអ្នកប្រើប្រាស់ទូរសព្ទដើរលើប្រព័ន្ធ Windows Phone 8.1 ចុះ នឹងលែងទទួលបាននូវកំណែកម្មវិធីថ្មីៗសម្រាប់ស្មាតហ្វូនរបស់ខ្លួនតទៀតហើយ ដែលនេះក៏ជាការផ្តល់ឱកាសកាន់តែគាប់ប្រសើរសម្រាប់ក្រុមហ៊ុន Google និង Apple ក្នុងការបង្កើនសក្តានុពលភាព និងវត្តមានប្រព័ន្ធចល័តរបស់ខ្លួនលើទីផ្សារ Smartphone។

គួររំឭកថា ប្រព័ន្ធប្រតិបតិ្តការ Windows Phone ចាប់ធ្លាក់ប្រជាប្រិយភាពតាំងពីឆ្នាំ ២០១០ មកម្លេះ គឺស្របពេលដែលប្រព័ន្ធ Android និង iOS ងើបមុខឡើង និងនៅពេលដែលក្រុមហ៊ុន Microsoft សហការជាមួយក្រុមហ៊ុន Nokia ដើម្បីយកវាទៅបំពាក់លើទូរសព្ទដៃត្រកូល Lumia។

តាំងពីពេលនោះមក គេពុំសូវឃើញមានឡើយនូវស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃក្រៅពី Nokia ជ្រើសរើសប្រព័ន្ធ Windows Phone សម្រាប់ស្មាតហ្វូនរបស់ខ្លួន ហើយគេក៏ពុំសូវឃើញមានឡើយនូវកម្មវិធីថ្មីៗ ល្អៗ និងលេចធ្លោសម្រាប់ប្រព័ន្ធមួយនេះ៕

 ប្រភពព័ត៌មាន: wired

មតិយោបល់