ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវបេតុងកែងផ្លូវ៥៩៨ ក្នុងភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ មានករណីបុរសម្នាក់ ជិះម៉ូតូរអិលប្រេងម៉ាស៊ីនលើផ្លូវដួល រថយន្តដឹកខ្សាច់មកពីក្រោយកិនស្លាប់ ភ្លាមៗនៅកន្លែង។
ជនរងគ្រោះឈ្មោះ ឃាង ចម្រើនភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាវ៉ារីអូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HU-8547។ រថយន្តបង្កម៉ាកគារ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A 4273 បើកដោយបុរសម្នាក់ បានគេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌កើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ និងរថយន្ត បានបើកបរស្របទិសគ្នា ពីលិចទៅកើតតាមបណ្តោយផ្លូវបេតុ ដោយម៉ូតូបើកខាងមុខ រថយន្តដឹកខ្សាច់ បើកពីក្រោយ។ ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបានជាន់ប្រេងលើផ្លូវ ក៏រអិលដួលខ្ទាតមនុស្ស និងម៉ូតូផ្សេងគ្នា ស្របពេលនោះ រថយន្តខាងលើ ក៏ជ្រុលចង្កូតកិនបុរសនោះ ស្លាប់មួយរំពេចតែម្តង។
ភ្លាមៗនោះតែកុងរថយន្ត ឃើញមិនស្រួល ក៏បន្ថែមល្បឿន បើកចេញពីកន្លែងកើតហេតុ ប្រមាណ៣០០ម៉ែត្រ ក៏ចុះពីរថយន្ត គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទាក់ទងទៅជំនាញ មកវាស់វែងម៉ូតូ និងរថយន្តបង្ក ទៅការិយាល័យ ចំណែកសព បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់