ព័ត៌មានកីឡា

ឆ្នាំ២០១៨ នេះគឺជាពេលវេលាដែលខ្សែប្រយុទ្ធ Neymar កំពុងទន្ទឹងរង់ចាំ

កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល Neymar JR កំពុងតែរង់ចាំយ៉ាងអន្ទះសារ ក្នុងការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ ២០១៨ នេះដែលប្រារព្ធឡើងក្នុងប្រទេសរុស្ស៊ី។

ការចិញ្ចឹមចិត្ត ក្នុងការចង់ឈ្នះពាន FIFA World Cup របស់ខ្សែប្រយុទ្ធ Neymar កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។ ជាការពិតណាស់ នៅក្នុងការចុះផ្សាយរបស់ សារពត៌មានក្នុងប្រទេសប្រេស៊ីល បានឲ្យដឹងថា Neymar ចង់ជួយក្រុមជម្រើសជាតិក្នុងការឈ្នះពាន ពិភពលោកមួយនេះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៤កន្លងមក Neymar ខកខានមិនបានជួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការឈ្នះពាននេះ ក្រោយពីចាញ់ ក្រុមជម្រើសជាតិអាឡឺម៉ង់យ៉ាងចាស់ដៃ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលពេលនោះ ប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ។

ហេតុនេះហើយ ខ្សែប្រយុទ្ធ Neymar បានប្រាប់ទៅកាន់សារពត៌មានប្រេស៊ីលថា រូបគេនឹង ខិតខំឲ្យអស់ពី សមត្ថភាព ក្នុងការជួយជ្រោមជ្រែង ក្រុមជម្រើសជាតិ ឲ្យឈ្នះពាន World Cup ២០១៨ នេះ ព្រោះថា ក្រុមប្រេស៊ីល ខកខានឈ្នះពាននេះ យូរមកហើយ ខណះការឈ្នះពានចុងក្រោយ របស់ប្រេស៊ីល កាលពីឆ្នាំ ២០០២ ដែលធ្វើឡើងនៅប្រទេស កូរ៉េខាងត្បូង និងជប៉ុន។ ម្យ៉ាងវិញទៀត តាំងពី Neymar លេងឲ្យក្រុមជម្រើសជាតិកន្លងមក ក្រៅពី FIFA Confederation Cup កាលពីឆ្នាំ ២០១៣ ប្រេស៊ីលមិនទាន់ឈ្នះពានណាមួយនៅឡើយទេ។

ដូច្នេះហើយ សម្រាប់ World Cup ២០១៨ នេះគឺជាឱកាសជាថ្មីសម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ សាងស្នាដៃជូនក្រុមជម្រើសជាតិ ដូចតារារៀមច្បង Ronaldinho, Ronaldo, Rivaldo, និង Carlos ដែលសុទ្ធសឹងជួយក្រុមប្រេស៊ីលឲ្យឈ្នះពាន World Cup នេះ។

មតិយោបល់