ភ្នំពេញ: លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឲ្យអ៊ីតាលី ជំរុញភ្ញៀវទេសចរអ៊ីតាលី មកកម្សាន្តនៅប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ស្របតាមការចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និងអ៊ីតាលី កាលពីឆ្នាំ២០១៥។
សំណើររបស់លោក ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឲ្យ ឯកឧត្តម Francesco Saverio Nisio ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីស្តីការក្រសួងការបរទេស នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី បានជំរុញឲ្យឯកអគ្គរដ្ឋទូតអ៊ីតាលី ពន្លឿនអនុវត្តន៍អនុស្សារណៈ លើវិស័យទេសចរណ៍ ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវការស្វាគមន៍ ចំពោះការចុះហត្ថលេខា ពង្រីកវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា-អ៊ីតាលី នៅទីក្រុងរ៉ូមកាលពីឆ្នាំកន្លងទៅ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរអ៊ីតាលី កម្ពុជា បានរៀបចំឲ្យមានភោជនីយដ្ឋានលក់អាហាររបស់ជនជាតិ អ៊ីតាលី ក៏ដូចជាការបង្កើតឲ្យមានមគ្គុទ្ទេសន៍ទេសចរណ៍ និយាយភាសាអ៊ីតាលីជាដើម។
លោក ប្រាក់ សុខុន ក៏បានលើកជាសំណើរ ឲ្យមានការមកបំពេញទស្សនកិច្ច របស់ជនជាតិអ៊ីតាលី ជាក្រុម និងជាកញ្ចប់មកកាន់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ កម្ពុជា និងឡាវផងដែរ។ ជាការឆ្លើយតប លោក Francesco Saverio Nisio បានឯកភាពលើសំណើរបស់លោក ហើយនឹងខិតខំជំរុញភ្ញៀវទេសចរណ៍អ៊ីតាលី មកកាន់ប្រទេសកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបពិភាក្សានេះ លោក ប្រាក់ សុខុន និងលោក Francesco Saverio Nisio បានជជែកពីការអនុវត្តន៍អនុស្សារណៈ នៃការស្មូមកូន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤។ លោក Francesco Saverio Nisio បានបញ្ជាក់ថា អ៊ីតាលី បានរៀបចំរួចរាល់ហើយ ដើម្បីអនុវត្តន៍អនុស្សារណៈនេះ។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ដែរថា ក្រសួងការបរទេសកម្ពុជា ត្រៀមជួយសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាស្មូមកូននេះ។ ក្រៅពីការពិភាក្សាបញ្ហាទាំងពីរខាងលើ លោក ប្រាក់ សុខុន និងលោក Francesco Saverio Nisio បានពិភាក្សាពីការពង្រីកពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក Francesco Saverio Nisio ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រការចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអង្គការសហប្រជាជាតិរបស់អីតាលី។ សូមបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជា-អីតាលី នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានទំហំទឹកប្រាក់ប្រមាណ ២៣០លានដុល្លារអាមេរិក៕
មតិយោបល់