កំពង់ឆ្នាំងៈ លោក ម៉ាត លី អធិការស្រុកកំពង់ត្រឡាចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូកាវ៉ាសាគី ឆេះនិងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ ៥០-៥១ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក កាវ៉ាសាគី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-9959 អ្នកបើកបរឈ្មោះ ញាញ ចន្ទ័ណា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិត្អួរលំ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរឈ្មោះ ពៅ ស្រីណា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបរពីទិសខាងជើងទៅត្បូង បានបុកជាមួយនិងម៉ូតូម៉ាក FU TURE ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 1DB-2115 អ្នកបើកបរឈ្មោះ ឆាយ ឡិញ ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងទៅត្បូង យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូម៉ាក កាវ៉ាសាគីវិញ បានឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានសមត្ថកិច្ចនគរបាល ចេញរថយន្តអគ្គិភ័យ ចុះទៅបាញ់ពន្លត់៕
មតិយោបល់