ព័ត៌មានជាតិ

បែនដឹកដីមួយគ្រឿងបុករថយន្តមែរសឺដែស ហើយជ្រុលបុកទម្លុះផ្ទះពលរដ្ឋរបួសក្មេងស្រីម្នាក់

ភ្នំពេញ: នៅវេលាម៉ោង១១ និង០០ នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើ រថយន្តប្រភេទបែនដឹកដីមួយគ្រឿង បុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកមែរសឺដែស ខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ក បានជ្រុលទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួស ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តប្រភេទបែនដឹកដីមួយគ្រឿង ខណ:កំពុងបើកបរ មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុករថយន្តមួយគ្រឿងទៀតម៉ាកមែរសឺដែស លាន់ឮដូចរន្ទះ ។ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ករណីនេះ រថយន្តបង្កបន្តល្បឿនជ្រុលបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួស ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ។ តាមការ បញ្ជាក់របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ករណីរថយន្តប្រភេទបែនដឹកដី ដែលជ្រុលបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ បានចេញថ្លៃ ខូចខាត និងចេញថ្លៃព្យាបាលក្មេងស្រីដែលរងគ្រោះនោះ ដើម្បីបញ្ចប់រឿង ។

ដោយឡែករថយន្តម៉ាកមែរសឺដែស ក្រោយពេលកើតហេតុ ម្ចាស់បានចុះរត់គេចខ្លួនបាត់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល បានហៅរថយន្តស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់ចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់