ភ្នំពេញៈ បុរសម្នាក់ងប់លេងល្បែងដល់ពេលចាញ់អស់លុយ ក៏លក់ម៉ូតូសង់០១៧មកលេងបន្ត ស្រាប់តែនៅមិនឈ្នេះក៏ដាក់ម៉ូតូសង់០១៦មួយគ្រឿងទៀតអស់ចំនួន៦រយដុល្លាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ម្ចាស់ម៉ូតូក៏បានយកលុយមកលោះវិញ ស្រាប់តែអ្នកទទួលបញ្ចាំទារសរុបចំនួន៩រយដុល្លាទាំងការទាំងដើម ទើបជនរងគ្រោះមិនសុខចិត្តមកប្តឹងសមត្ថកិច្ចចោមចៅឲ្យជួយអន្តរាគមន៍។
បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ រូបគាត់បានទៅលេងបៀនិងអាប៉ោងនៅទីតាំងខាងលើ ហើយក៏បានចាញ់អស់លុយ ក៏ដាក់ម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ០១៧ចំនួន១០០០ដុល្លាលេងទៀត។
សាក្សីដដែលបានបន្តថា បន្ទាប់ពីដាក់ម៉ូតូបានលុយក៏បន្តលេងទៀតស្រាប់តែចាញ់អត់លុយ១០០០ទៀតដោយមិនទាន់អស់ចិត្តក៏បន្តលេងរហូតចាញ់ និងជំពាក់គេចំនួន៤០០ដុល្លាថែមទៀតទើបឈប់លេងហើយទៅផ្ទះបាត់។ លុះថ្ងៃទី៣ ខែឆ្នាំដដែលជនរងគ្រោះនៅមិនទាន់អស់ចិត្ត ក៏មកខ្ចីលុយពីអ្នកទទួលបញ្ចាំចំនួន២០០ដុល្លាទៀតយកទៅចាក់អាប៉ោងបន្ត តែគ្មានវាសនាឈ្នះក៏ចាញ់អស់បោសគូទខោទៀតទៅ។
ជនរងគ្រោះបានបញ្ជក់ថា ម៉ូតូដែលបញ្ចាំម៉ាកហុងដាស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO-4232 ជាកម្មសិទ្ធិរបស់ឈ្មោះ នី សិត្ស។
រហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានយកលុយចំនួន៥០០ដុល្លាសុំលោះម៉ូតូយកទៅឲ្យប្អូនជិះរៀន តែអ្នកទទួលបញ្ចាំមិនព្រមហើយបានទារសរុបទាំងការទាំងដើមចំនួន៩០០ដុល្លា ទើបជនរងគ្រោះមិនសុខចិត្ត។ រសៀលថ្ងៃទី១៤ ខែឆ្នាំដដែលជនរងគ្រោះក៏មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់អ្នកបញ្ចាំដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចម្ចាស់អ្នកទទួលបញ្ចាំបានសារភាពថាខ្លួនបានយកម៉ូតូជនរងគ្រោះទៅបញ្ចាំបន្តនៅមួយកន្លែងទៀតក្រោយមកសមត្ថកិច្ចបាននាំបុរសអ្នកបញ្ចាំនោះទៅយកបែជាកន្លែងបញ្ចាំបិទចាក់សោរបាត់ទៅហើយ៕
មតិយោបល់