ទេពអប្សរតូច
និពន្ធដោយ កញ្ញា លឹម ផាន់ណា
ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០
មនុស្សមួយចំនួនចូលចិត្តចោទមនុស្សប្រុសថា ស្រឡាញ់តែស្រីស្អាត។ ចំពោះខ្ញុំ ខ្ញុំមិនដែលឱ្យតម្លៃលើរូបរាងខាងក្រៅទេ។ ពេលដែលបានជួបនាងជាលើកដំបូង ខ្ញុំមិនយល់ថា នាងជានារីដែលមានរូបសោភានោះទេ ព្រោះមើលមួយភ្លែតទៅ គ្មានឃើញត្រង់ណាស្អាតអីបន្តិចសោះ ដោយសារតែនាងជាស្រីភ្នែកម្ញ៉ូប ពាក់វ៉ែនតាដ៏សែនក្រាស់ ហើយចំណុចនេះ ធ្វើឱ្យខ្ញុំតែងហៅនាងថា ភ្នែកបួន។ ទោះបីជាមុខមាត់នាងអន់យ៉ាងណាក៏ដោយ ក៏ខ្ញុំសម្គាល់ឃើញថា បូ ក៏មានចំណុចគួរឱ្យស្រឡាញ់ផងដែរ គឺស្នាមញញឹមបង្ហាញថ្ពាល់ខួចទាំងសងខាងរបស់នាង។ ទោះស្ថិតក្នុងឋានៈជានិស្សិតឆ្នាំទី៣ ក៏ពិតមែន តែមុខមាត់របស់នាងហាក់ដូចជាក្មេងជាងវ័យ ប៉ុន្តែនាងរៀនពូកែណាស់ ហើយរួសរាយគួរឱ្យស្រឡាញ់ទៀតផង។ ដូច្នេះហើយ ទើបខ្ញុំប្រសិទ្ធនាមឱ្យនាងថា ទេពអប្សរតូច។
ថ្ងៃនេះ ខ្ញុំបានជួប បូ នៅក្នុងបណ្ណាល័យជាតិ។ ខ្ញុំដើរលបៗទៅក្បែរនាង ហើយឱនខ្សិបដាក់ត្រចៀកនាងតិចៗ ៖
-ភ្នែកបួន!
បូ ងាកសម្លក់មុខខ្ញុំ ព្រោះខឹងនឹងខ្ញុំដែលហៅនាងថា ភ្នែកបួន។ ពេលនាងខឹងម្តងៗ ថ្ពាល់នាងឡើងក្រហម គួរឱ្យក្នាញ់មែនទែន ចង់តែចាប់ក្រញិចដូចកូនក្មេងទេ តែខ្ញុំមិនអាចធ្វើបែបនេះបាន ព្រោះបើមិនត្រូវនាងខ្វាចឱ្យរយះមុខរយះមាត់ទេ ក៏ត្រូវនាងជេរហុយដីដែរ។ មាឌតូចល្អិត ប៉ុន្តែចិត្តខ្លាំង បើហ៊ានតែលលេងជាមួយនាងហួសហេតុ ប្រាកដជាត្រូវស៊ីកណ្តាប់ដៃរបស់នាងជាមិនខាន។
ក្នុងខណៈនេះ ខ្ញុំដឹងថា បូ ចង់ស្តីឱ្យខ្ញុំខ្លាំងណាស់ តែនាងមិនហ៊ានមាត់ព្រោះខ្លាចរំខានដល់អ្នកអានសៀវភៅឯទៀត។
មើលសៀវភៅរឿងទៀតហើយ នេះប្រហែលជាចង់ក្លាយជាអ្នកនិពន្ធដល់ឆ្កួតហើយមើលទៅ! រៀនគណនេយ្យសោះ តែបែរជាចូលចិត្តអក្សរសិល្ប៍ទៅវិញ! ទោះជាបែបនេះក្តីក៏ បូ នៅតែជាសិស្សពូកែនៅក្នុងថ្នាក់។ មិនដឹងជានាងរៀបចំពេលវេលារៀនយ៉ាងម៉េចទេ បើរាល់លើកជួបនាងនៅបណ្ណាល័យ ឃើញនាងអង្គុយមើលតែសៀវភៅរឿង។ ប្រហែលជានាងចំណាយពេលនៅផ្ទះ ដើម្បីរៀនបន្ថែម ឬធ្វើលំហាត់គណនេយ្យក៏អាចថាបាន។
យី! បូចេញទៅហើយ មិនដឹងថានាងមកអានសៀវភៅនៅទីនេះ តាំងពីម៉ោងប៉ុន្មានទេ។ ខ្ញុំមិនអាចឱ្យនាងដើរចេញទៅតែម្នាក់ឯងទេ ហើយក៏មិនចង់អង្គុយអានសៀវភៅដោយគ្មាននាងនៅក្បែរនោះដែរ។ ចាំអង្កាល់? ប្រាកដជាត្រូវទៅតាមនាងហើយ។
បូ យកកង់រួចហើយ ក៏ជិះចេញទៅ។ ខ្ញុំអាណិតនាងណាស់ ព្រោះរាល់ថ្ងៃ នាងត្រូវជិះកង់ពីផ្ទះដែលនៅម្តុំវិទ្យាល័យសន្ធរម៉ុក មករៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ខ្ញុំជិះម៉ូតូអែបកង់របស់នាង ព្រមទាំងនិយាយរាក់ទាក់ដាក់នាង ៖
-ភ្នែកបួន! ចេញពីហ្នឹងទៅណា?
-ទៅផ្ទះ។
នាងឆ្លើយកំបុត ព្រោះមិនចូលចិត្តខ្ញុំដែលតែងតែលលេងជាមួយនាង។ បូសម្លក់មុខខ្ញុំ ដែលចេះតែជិះម៉ូតូតាមនាងកិតៗ ៖
-ផ្ទះនៅផ្លូវខុសគ្នាទេ កុំជិះម៉ូតូតាមខ្ញុំ មើលតែប្រុសព្រានញ៉ែស្រីនោះ!
-បើទោះជាចង់ញ៉ែ ក៏ត្រូវតែរកស្រីដែលស្អាតជាងនេះដែរ។
អីយ៉ា សិរី! ពាក្យបែបនេះ ក៏ឯងនិយាយចេញមកដែរ។ ដឹងស្រាប់ហើយថា ស្រីតូចម្នាក់នេះ មិនចូលចិត្តឯង ក៏ព្រោះតែឯង តែងហៅនាងថាភ្នែកបួន។ ឥឡូវនេះ ឯងថាឱ្យនាងជាស្រីមិនស្អាតទៀត បើនាងមិនខឹងនឹងឯង គឺពិតជាចម្លែកហើយ។
ជាការពិតណាស់ មនុស្សស្រីស្អប់ពាក្យបញ្ជោរ តែសប្បាយចិត្តបើមានគេសរសើរ។ ប៉ុន្តែបើត្រូវគេបង្អាប់វិញ នាងមិនអាចទទួលយកបានទេ។ បូ ក៏ដូចគ្នានឹងស្រីទាំងនោះដែរ។ ទោះបីមុខមាត់នាងមិនសូវស្អាត តែនាងក៏មិនចង់ឱ្យអ្នកណាបង្អាប់ ឬចម្អន់នាងនោះដែរ។
បូ បញ្ឈប់កង់ទាំងមុខក្រញ៉ូវ ឯម៉ូតូរបស់ខ្ញុំក៏ជិះហួសទៅមុខនាង តែខ្ញុំក៏បានឈប់បន្តិចដែរ។ ខ្ញុំដឹងច្បាស់ណាស់ថានាងខឹងនឹងខ្ញុំ។ ដោយមិនចង់ឱ្យនាងធុញទ្រាន់ ខ្ញុំក៏វាចាលា ៖
-ភ្នែកបួន! ខ្ញុំទៅមុនហើយណា!
ខ្ញុំក៏បើកម៉ូតូចេញទៅ តែខ្ញុំបើកយឺតៗតែប៉ុណ្ណោះ ព្រោះនៅមិនដាច់អាល័យពី បូ។ ភ្លាមនោះ ខ្ញុំបម្រុងបត់ទៅខាងស្តា ស្រាប់តែខ្ញុំឮសម្លេងង៉ោងៗរបស់ម៉ូតូ នៅពីក្រោយខ្ញុំ ហើយម៉ូតូនោះក៏បត់ទៅស្តាំយ៉ាងលឿនកាត់មុខម៉ូតូរបស់ខ្ញុំ។ ខ្ញុំចាប់ហ្វ្រាំងស្ទើរតែមិនទាន់។ មនុស្សស្អីជិះម៉ូតូភ្លើៗ វិះតែនឹងធ្វើឱ្យប៉ះគ្នា។ ស្របពេលជាមួយគ្នានោះ ខ្ញុំក៏បានឮសំឡេងប្រជាជននៅក្បែរនោះស្រែក ៖
-ប្រញាប់ទៅងាប់មែនទេ? បើចង់ងាប់ ងាប់តែឯងបានហើយ ម៉េចក៏នាំទុក្ខដល់គេបែបនេះ!
ខ្ញុំងាកទៅក្រោយតាមប្រភពសំឡេង ហើយក៏បានឃើញ បូ ដួលនៅលើថ្នល់។ ខ្ញុំរន្ធត់ចិត្តណាស់ក្នុងការដែលឃើញរាងកាយដល់តូចច្រឡឹងរបស់នាង ត្រូវប្រឡាក់ដោយធូលី គួបផ្សំជាមួយទឹកមុខដ៏ឈឺចាប់របស់នាង ដែលកំពុងសម្លឹងមើលឈាមហូរពីកែងដៃ។ ខ្ញុំគ្មានពេលខឹងនឹងម្ចាស់ម៉ូតូដែលធ្វើឱ្យទេពអប្សររបស់ខ្ញុំមានរបួសនោះទេ អ្វីដែលសំខាន់គឺ ខ្ញុំត្រូវតែជួយនាង។
-យ៉ាងម៉េចហើយហ្នឹង? ចាំខ្ញុំជូនទៅពេទ្យណា!
-មិនបាច់មកធ្វើចិត្តល្អទេ។ ទុកម៉ូតូរបស់សិរី សម្រាប់ឌុបស្រីស្អាតទៅ។
-កុំធ្វើបែបនេះបានទេ? មុននេះគឺខ្ញុំនិយាយលេងទេតើ!
-មិនបាច់មករវល់នឹងខ្ញុំទេ។ ខ្ញុំមិនត្រូវការឱ្យមកជួយនោះទេ។
-តើឱ្យខ្ញុំធ្វើយ៉ាងម៉េច ទើបបូ ព្រមឱ្យខ្ញុំជួយ? មែន! ខ្ញុំជាមនុស្សច្រឡឺម ចូលចិត្តធ្វើឱ្យបូ ខឹង។ បូចង់ជេរ ចង់វាយខ្ញុំក៏តាមចិត្ត ឬឱ្យខ្ញុំសូមទោស ១០០ដង ១០០០ដងក៏បានដែរ ឱ្យតែបូ ព្រមទៅពេទ្យជាមួយខ្ញុំ។
ខ្ញុំនិយាយទាំងបារម្ភ តែពាក្យសម្តីសាច់ការនេះ បែរជាធ្វើឱ្យបូ អស់សំណើចទៅវិញ។
-សើចស្អី?
-សើចនឹងអ្នកខ្លះដែលចេះបារម្ភពីគេ។
នេះជាលើកទីមួយហើយ ដែលបូ សើចដាក់ខ្ញុំ។ ស្នាមញញឹមបង្ហាញថ្ពាល់ខួចទាំងសង្ខាងរបស់នាង ធ្វើឱ្យខ្ញុំសម្លឹងនាងមិនដាក់ភ្នែក រហូតទាល់តែនាងស្តីឱ្យ ៖
-មើលស្អី? ក្រែងថាជូនខ្ញុំទៅពេទ្យនោះអី!
ខ្ញុំរំភើបចិត្តណាស់ ពេលដែលបានឌុបបូ។ ប្រសិននាងលូកដៃឱបចង្កេះខ្ញុំទៀតនោះ មិនដឹងជាល្អយ៉ាងណាទេ តែរឿងនេះមិនអាចទៅរួចទេ បើទោះជានាងក្លាយជាសង្សាររបស់ខ្ញុំក៏ដោយ ក៏ខ្ញុំជឿថា បូមិនហ៊ានធ្វើដូចជានារីដទៃទៀត ដែលតែងតែឱបចង្កេះមិត្តប្រុសរបស់ខ្លួន ពេលជិះម៉ូតូជាមួយគ្នានោះឡើយ។ សម្បកក្រៅ ខ្ញុំចូលចិត្តនិយាយលលេងជាមួយនាង តែធាតុពិតវិញនោះ គឺខ្ញុំគោរពនាង។ នាងជានារីត្រឹមត្រូវ មានអត្តចរិតល្អ។ រាល់ថ្ងៃអាទិត្យ ខ្ញុំតែងតែជិះម៉ូតូកាត់មុខផ្ទះរបស់បូ ហើយបានឃើញនាងជួយលក់ឥវ៉ាន់ចាប់ហួយម្តាយនាង ហើយនាងក៏មិនភ្លេចមើលសៀវភៅដែរ នៅពេលណាដែលគ្មានគេមកទិញ។
————————————————————-
ព្រឹកនេះ ខ្ញុំទៅសាលាទាំងអារម្មណ៍រីករាយ ព្រោះយប់មិញខ្ញុំបានយល់សប្តិឃើញទេពអប្សរតូចរបស់ខ្ញុំ។ នេះប្រហែលដោយសារយប់មិញ នាងបានជិះម៉ូតូជាមួយខ្ញុំ ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អបែបនេះ។ ខ្ញុំដើរចូលថ្នាក់បណ្តើរ ហួចបណ្តើរ ពេលនោះខ្ញុំក៏បានឃើញនីដា កំពុងអង្គុយមើលសៀវភៅ។ ខ្ញុំក៏រាក់ទាក់ដាក់នាង ៖
-មើលអីហ្នឹងស្រីស្អាត?
-មើលរឿងរបស់បូ។
ខ្ញុំមិនចម្លែកចិត្តទេ ក្នុងការដែលដឹងថាបូចេះនិពន្ធ ព្រោះនាងចូលចិត្តមើលរឿងប្រលោមលោក ហើយក៏ប្រហែលជាមានកោសល្យខាងហ្នឹងដែរហើយមើលទៅ។
-ចង់មើលទេ? រឿងនេះល្អមើលណាស់ណា!
អ្នកដែលចូលចិត្តមើលរឿងប្រលោមលោកភាគច្រើន តែងតែនិយាយពាក្យនេះ។ ខ្ញុំគ្មានចំណូលចិត្តចំពោះប្រលោមលោកទេ ទោះបីអ្នកណាសរសើរថាស្នាដៃអ្នកនេះល្អ ឬស្នាដៃអ្នកនោះល្អក្តី។ ប៉ុន្តែ ពេលនេះខ្ញុំបែរជាចាប់អារម្មណ៍ចង់មើលរឿងរបស់បូ។ ទោះខ្ញុំមិនមែនជាអ្នកចិត្តសាស្ត្រ តែខ្ញុំគិតថាតាមរយៈរឿងរបស់បូ ប្រហែលជាអាចឆ្លុះបញ្ចាំងទឹកចិត្តរបស់នាងបាន។
-នីដា! ខ្ញុំសុំខ្ចីរឿងនេះមើលមួយភ្លែតបានទេ?
-ឱ្យខ្ចីតែមួយភ្លែតទេណា!
ខ្ញុំយករឿងរបស់បូ ទៅអង្គុយមើលនៅតុរបស់ខ្ញុំ។ គ្រាន់តែប៉ុន្មានទំព័រដំបូងប៉ុណ្ណោះ ធ្វើឱ្យខ្ញុំអានយ៉ាងជក់ចិត្ត។
-កំពុងមើលអីហ្នឹង?
ខ្ញុំភ្ញាក់ព្រើត ព្រោះកំពុងតែស្លុងអារម្មណ៍ ស្រាប់តែសំឡេងដ៏ពិរោះរបស់បូ បានពញ្ញាក់ស្មារតីខ្ញុំ ៖
-កំពុងមើលរឿងដែលបូនិពន្ធ។ ល្អមើលដែរតើ!
បូ អង្គុយក្បែរខ្ញុំ ក្នុងខណៈពេលដែលគ្រូមិនទាន់មកដល់ ៖
-សិរី!
-បាទ!
ខ្ញុំឆ្លើយយ៉ាងសុភាព មិនដូចរាល់ដង ដែលនិយាយជាមួយបូនោះទេ។ មិនឱ្យខ្ញុំនិយាយពិរោះម៉េចនឹងកើត បើតួឯកប្រុសក្នុងប្រលោមលោកដែលបូ បានប្រឌិតឡើង មានចរិតសុភាពរាបសា វាចាពិរោះ។ ប្រហែលជាបុរសក្នុងសុបិនដែលបូស្រមៃចង់បាន មានអត្តចរិតបែបនេះហើយមើលទៅ។ បូ ញញឹមដាក់ខ្ញុំទៀតហើយ។ ខ្ញុំសប្បាយចិត្តមែនទែន។
-អរគុណហើយណា ដែលម្សិលមិញ សិរីបានជួយខ្ញុំ។
-បូ មិនដែលអរគុណអីទេ។ ខ្ញុំឈ្មោះសិរី ដូច្នេះ ខ្ញុំចង់ឱ្យអ្នកដែលនៅក្បែរខ្ញុំមានសិរីសួស្តីដូចឈ្មោះរបស់ខ្ញុំអ៊ីចឹងដែរ។
ខ្ញុំឈប់ហៅបូ ថាភ្នែកបួនទៀតហើយ ព្រោះមិនចង់ឱ្យបូ ថតយកចំណុចអាក្រក់របស់ខ្ញុំទុកក្នុងចិត្តនាង។ ខ្ញុំកំពុងតែរៀនសូត្រតាមតួឯកប្រុសក្នុងរឿងដែលបូបាននិពន្ធ។ ចំណែកបូវិញ ក៏ឈប់និយាយត្រម៉ាំងត្រមោកដាក់ខ្ញុំទៀតដែរ។ ខ្ញុំសួរនាង ៖
-ដៃរបស់បូយ៉ាងម៉េចហើយ?
-លែងឈឹហើយ ដោយសារតែបានសិរីនាំខ្ញុំទៅរុំរបួស។
យប់នេះ ខ្ញុំមិនបានមើលមេរៀននៅសាលាទេ ព្រោះរវល់តែជក់ចិត្តនឹងសៀវភៅរឿងរបស់បូ ដែលខ្ញុំបានខ្ចីកាលពីព្រឹកមិញ។ មើលរឿងបណ្តើរ គិតបណ្តើរ។
ខ្ញុំមិនមែនជាមនុស្សស្រីទេ ដូច្នេះខ្ញុំមិនដឹងថា តើមនុស្សស្រីចង់បានអ្វីនៅពេលដែលមានមនុស្សប្រុសតាមស្រឡាញ់។ តើមនុស្សស្រីគ្រប់រូបសុទ្ធតែចង់ឱ្យបុរសដែលស្រឡាញ់នាង យកចិត្តទុកដាក់ចំពោះនាង ជជែកលេងជាមួយនាង ដើរក្បែរនាង កំដរនាងពេលដែលនាងនៅម្នាក់ឯង បារម្ភពីនាង គោរពនាង និងល្អចំពោះនាង ដូចអ្វីដែលបូ បានពណ៌នានៅក្នុងរឿងរបស់នាងដែរឬទេ? ចុះចំពោះបូវិញ តើនាងចូលចិត្តបែបណា? អ្វីដែលខ្ញុំច្បាស់បំផុតពីនាង គឺនាងមិនចូលចិត្តឱ្យនរណា និយាយពីរូបសម្បត្តិដ៏អន់របស់នាងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំកំពុងតែសម្របខ្លួនចូលទៅជិតនាង។ ទំនាក់ទំនងរបស់ពួកយើងល្អប្រសើរជាងមុន។ នេះក៏ព្រោះតែបូ ជាមនុស្សងាយចុះសម្រុង ឱ្យតែនិយាយល្អជាមួយនាង។ ស្នាមញញឹមរបស់នាងធ្វើឱ្យខ្ញុំកក់ក្តៅ។ តែខ្ញុំនៅតែបារម្ភ ព្រោះស្នាមញញឹមនេះ គ្រាន់តែបញ្ជាក់ថា នាងមិនបានស្អប់ខ្ញុំ តែក៏មិនមែនមានន័យថា នាងមានចិត្តលើខ្ញុំនោះទេ។
ជាការពិតណាស់ បូមិនមែនជាស្រីស្អាត។ តែខ្ញុំក៏មិនហ៊ានធានាថា គ្មាននរណាម្នាក់ស្រឡាញ់នាងនោះទេ។ ចំណុចវិជ្ជមានរបស់នាង ដែលធ្វើឱ្យខ្ញុំពេញចិត្តនោះ បុរសដទៃក៏អាចពេញចិត្តដូចគ្នាដែរ។ ខ្ញុំមិនស្រណុកចិត្តសោះ កាលដែលបូមិនទាន់បានដឹងរឿងក្នុងចិត្តរបស់ខ្ញុំ។
—————————————————————
ថ្ងៃនេះ ពេលចេញពីរៀន ខ្ញុំដើរតាមបូ ដូចរាល់ដង ៖
-បូ! ថ្ងៃនេះប្រញាប់ទៅផ្ទះដែរទេ?
-មានការអី?
-ខ្ញុំចង់និយាយជាមួយបូមួយភ្លែត។ តើបានទេ?
បូ ញញឹមដាក់ខ្ញុំទាំងងឿងឆ្ងល់ តែនាងនៅតែវាចាទន់ភ្លន់ដដែល ៖
-មានអី!
-អ៊ីចឹង ទៅនិយាយនៅខាងក្រៅទៅ។
ខ្ញុំ និងបូ ក៏ដើរទៅអង្គុយនៅលើបង់ក្នុងសួនច្បារ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។ អារម្មណ៍ដែលដើរក្បែរ និងអង្គុយក្បែរមនុស្សដែលខ្លួនស្រលាញ់តែពីរនាក់បែបនេះ ពិតជាមានសេចក្តីសុខខ្លាំងណាស់។
ខ្ញុំមិនទាន់ចូលសាច់រឿងភ្លាមៗទេ ខ្លាចបូ ភិតភ័យ៖
-បូ! រាល់ដង ញ៉ាំបាយថ្ងៃត្រង់ម៉ោងប៉ុន្មាន?
-ចាស ម៉ោង១២។
ខ្ញុំលើកដៃសម្លឹងមើលនាឡិកា រួចញញឹម ៖
-ឥឡូវទើបតែម៉ោង១១ទេ។ អ៊ីចឹងនៅមានពេលនិយាយគ្នាយូរទៀត។
-តែខ្ញុំត្រូវចំណាយពេល២០នាទី ដើម្បីជិះកង់ទៅផ្ទះណា សិរី!
-អូមែនហើយ! សូមទោសណា ដែលខ្ញុំភ្លេចគិតដល់ចំណុចនេះ។
-ចាស មិនអីទេ។ បើមានការអីសំខាន់ ឆាប់និយាយភ្លាមៗទៅ។ ពេលវេលា គឺជាមាសប្រាក់ណា!
ឱ្យខ្ញុំនិយាយភ្លាមៗម៉េចនឹងកើតទៅ បើរវល់តែភ័យបែបនេះ។ ត្រូវហើយ រាល់ថ្ងៃមាត់ខ្ញុំរអិលណាស់ ចង់និយាយអីក៏និយាយហ្នឹង។ តែឥឡូវនេះ មិនដឹងជាមានស្អីមកទប់បំពង់កខ្ញុំ ឱ្យនិយាយមិនចេញនោះទេ។ ម្យ៉ាងទៀត រឿងបែបនេះ ប្រុសណាក៏ពិបាកហាមាត់ដែរ។
-យ៉ាងម៉េចហ្នឹង? ហេតុអីក៏មិនព្រមនិយាយ?
បូ តឿនខ្ញុំ កាលបើឃើញខ្ញុំនៅស្ងៀមបែបនេះ។ ចំណែកខ្ញុំ ក៏រកពាក្យស្រដីទៅវិញ ៖
-បាទ! …. តើបូចេះនិពន្ធរឿងតាំងពីថ្នាក់ទីប៉ុន្មាន?
-ចាស គឺថ្នាក់ទី១០។
-ខ្ញុំបានមើលរឿងរបស់បូហើយ ជក់ចិត្តមែនទែន រហូតដល់ពេលខ្លះគិតថាខ្លួនឯង គឺជាតួប្រុសនៅក្នុងរឿងនោះទៀតផង ហេសហេ។
ហ៊ើយ! មិនដឹងគួរនិយាយអ្វីទៀតទេ។ ឱ្យតែចង់និយាយដល់រឿងសំខាន់ ចេះតែហាមាត់ពុំរួច។
-អស់អីនិយាយជាមួយខ្ញុំហើយមែនទេ?
បូ ប្រហែលជាធុញទ្រាន់នឹងខ្ញុំ ដែលរំខានពេលវេលានាងទៅផ្ទះផងក៏មិនដឹង។
-នៅទេ។ នែ…
ធម្មតា ពេលនិយាយជាមួយនរណាម្នាក់ យើងតែងសម្លឹងមុខរបស់គេ ជាពិសេសគឺសម្លឹងឱ្យចំកែវភ្នែក។ ប៉ុន្តែ តើឱ្យខ្ញុំសម្លឹងមុខបូ ឱ្យចំៗម៉េចនឹងបានទៅ ទោះខ្ញុំជាប្រុស ក៏ខ្ញុំចេះអៀនដែរ។
ខ្ញុំងាកមុខចេញ សម្លឹងមើលនាយ មើលអាយ ដើម្បីបន្លប់បរិយាកាសដ៏ស្មុគស្មាញនេះ ៖
-បូ! តើ….តើខ្ញុំអាចធ្វើជាតួឯកប្រុសក្នុងរឿងរបស់បូបានទេ?
-សិរី! និយាយស្អីហ្នឹង?
-ឱ្យខ្ញុំធ្វើជាតួឯកប្រុសក្នុងចិត្តរបស់បូផងទៅណា? បូគឺជាអ្នកនិពន្ធ តួឯកប្រុសបែបខ្ញុំនេះ នឹងសម្របខ្លួនទៅតាមអ្វីដែលបូកំណត់ឡើង។ បូ ធ្លាប់និពន្ធរឿងស្នេហា បូគួរតែយល់ពីចិត្តរបស់ខ្ញុំហើយ។
បូ ប្រែទឹកមុខ។ នាងយកដៃលលើកវ៉ែនតាឡើងបន្តិច ហើយព្យាយាមនិយាយច្បាស់ៗ ៖
-សិរី! ប្រហែលជាប៉ុន្មានថ្ងៃនេះ ពួកយើងស្និទ្ធស្នាលនឹងគ្នាពេក ទើបបានជាធ្វើឱ្យសិរីមានអារម្មណ៍បែបនេះ។ នេះគ្រាន់តែជាភាពឆេវឆាវតែមួយពេលប៉ុណ្ណោះ យូរទៅវានឹងបាត់ទៅវិញដោយខ្លួនឯងហើយ។
-ខ្ញុំមិនបានឆេវឆាវទេ ហើយអារម្មណ៍នេះ ក៏មិនមែនទើបតែកើតឡើងក្នុងពេលឥឡូវដែរ។ ខ្ញុំស្រឡាញ់បូមួយឆ្នាំមកហើយ។
បូ បែរជាអស់សំណើច ៖
-ស្រឡាញ់ស្អី? ខ្ញុំមិនដែលឃើញសិរីបញ្ចេញអាកប្បកិរិយាណា ដែលបង្ហាញថាស្រឡាញ់ខ្ញុំផងហ្នឹង ក្រៅពីចេះតែហៅខ្ញុំថាភ្នែកបួន និងលលេង ឱ្យខ្ញុំខឹង ធ្វើឱ្យខ្ញុំក្នាញ់។
ខ្ញុំក៏សើចខឹកឡើងដោយនឹកឃើញរឿងចាស់ ៖
-ចុះបូ មិនយល់ថា ពេលដែលបូធ្វើឫកក្នក់ក្នាញ់ គួរឱ្យស្រឡាញ់យ៉ាងណាទេ?
ភ្លាមនោះ ស្រាប់តែថ្ពាល់របស់បូប្រែជាក្រហម ពេលដែលបានឮពាក្យនេះ។ ប្រហែលជានាងអៀនហើយមើលទៅ។
-បូ! កុំគិតថាខ្ញុំមើលងាយបូណា! ក្នុងចិត្តរបស់ខ្ញុំ បូគឺជាមនុស្សដែលខ្ញុំគោរព និងស្រឡាញ់។ ទោះបីជា ខ្ញុំចូលចិត្តនិយាយលេងសើចច្រើនក៏ពិតមែន តែខ្ញុំមិនដែលប្រមាថបូ ម្តងណាឡើង។
-ពិតមែនហ្អែស?
-មែនណា! ឱ្យខ្ញុំស្បថក៏បានដែរ។
-ទេ! កុំស្បថអី។ សិរី មិនឃើញវត្តភ្នំដែលនៅខាងណោះទេឬ? គេថាបើគូសង្សារណាស្បថស្បែចំពោះគ្នានៅទីនោះ ពួកគេនឹងបែកគ្នា។ ទោះបីយើងមិនបានអង្គុយនៅទីនោះក៏ដោយ តែយើងគួរតែកាន់ត្រណមដែរទៅ។ រឿងបែបនេះ សុខចិត្តជឿថាមានប្រសើរជាង។
ខ្ញុំលួចគិតក្នុងចិត្តចំពោះសម្តីរបស់បូ។ មិនស្មានថា បូក៏ជឿលើរឿងនេះដែរ។ តែខ្ញុំមិនមាត់ទេ ចាំដល់នាងនិយាយចប់ទើបខ្ញុំស្រដី ៖
-បូខ្លាចពួកយើងមិនបាននៅជាមួយគ្នាមែនទេ?
-នៅជាមួយគ្នាស្អីទៅ? ខ្ញុំអត់មាននិយាយថា ព្រមទទួលសិរីឯណា!
-តែមុននេះបូដូចជាបារម្ភពីទំនាក់ទំនងរបស់ពូកយើង។ ចុះឥឡូវម៉េចក៏…….
-រឿងនេះត្រូវចាំមើលថា តើសិរីមានសមត្ថភាពប៉ុនណា!
បូនិយាយដាក់ខ្ញុំទាំងទឹកមុខញញឹម រួចក៏ដើរចេញទៅយ៉ាងលឿន ហាក់ដូចជាអឹមអៀន។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះបូកំពុងផ្តល់ឱកាសឱ្យខ្ញុំតាមស្រឡាញ់នាងដោយបើកចំហ។
ស្រឡាញ់មនុស្សម្នាក់គឺងាយស្រួល តែសារភាពថា ស្រឡាញ់គឺពិតជាពិបាកណាស់។ ប្រសិនបើខ្ញុំមិនបាននិយាយរឿងក្នុងចិត្តប្រាប់បូទេ ខ្ញុំពិតជាវេទនាចិត្តណាស់ ហើយក៏មិនអាចដឹងថានាងមានចិត្តលើខ្ញុំដែរឬអត់។ ប៉ុន្តែពេលសារភាពហើយ ធូរចិត្តមែនទែន ហើយក៏អាចយល់ពីចិត្តរបស់បូខ្លះៗដែរ។ ម្យ៉ាងវិញទៀត នាងក៏មិនបាននិយាយថាមិនស្រឡាញ់ខ្ញុំ ឬទុកខ្ញុំត្រឹមជាមិត្តនោះទេ។ នេះគឺជារឿងដែលធ្វើឱ្យខ្ញុំសប្បាយចិត្តជាទីបំផុត ព្រោះខ្ញុំមានឱកាសបញ្ជ្រៀតខ្លួនចូលទៅក្នុងបេះដូងរបស់ទេពអប្សរតូចមួយនេះ៕
ចប់
មតិយោបល់