ព័ត៌មានអន្តរជាតិ

តួកគីបណ្តេញប៉ូលិស និងមន្រ្តីរាជការរាប់ពាន់នាក់ចេញពីតួនាទី

តួកគីៈ ទីភ្នាក់ងារព័ត៌មានក្នុងប្រទេស បានរាយការណ៍ថា រដ្ឋាភិបាលតួកគី បានចេញក្រឹត្យថ្មីមួយ ដោយដាក់រដ្ឋឲ្យស្ថិតក្រោមគ្រាអាសន្ន បន្ទាប់ពីរដ្ឋប្រហារបរាជ័យមួយ កាលពីឆ្នាំមុន ដែលក្នុងនោះមាន គរបាល និងមន្រ្តីរាជការជាង ៧.០០០ នាក់ ត្រូវបានគេបណ្តេញចេញពីតួនាទី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

​មកទល់ពេលនេះ មនុស្សសរុប ៧.៥៦៣ នាក់ហើយ ក្នុងនោះរួមមានទាំងប៉ូលិសផងដែរ ត្រូវបានបណ្តេញចេញពីតួនាទី សម្រាប់ប្រតិបត្តិការបោសសម្អាតចុងក្រោយ នៅក្នុងប្រទេស ខណៈដែលអាជ្ញាធរតួកគី បានដកបុគ្គលិកកងទ័ពចូលនិវត្តន៍ចំនួន ៣៤២ នាក់ ចេញពីឋានៈរបស់ពួកគេផងដែរ។

សូមជំរាបថា ក្រឹត្យថ្មីនេះ ត្រូវបានកើតឡើងមួយថ្ងៃមុនពេលប្រទេសតួកគី កំណត់ថ្ងៃខួបលើកទីមួយនៃរដ្ឋប្រហារបរាជ័យ ដែលរដ្ឋាភិបាល បានចោទថា វាជាការរៀបចំឡើង ដោយព្វជិតលោក Fethullah Gulen ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីលោក Tayyip Erdogan ។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានលោក Gulen បានធ្វើការបដិសេធការចោទប្រកាន់នេះផងដែរ។

បច្ចុប្បន្នរដ្ឋាភិបាលតួកគី បានបណ្តេញ ឬព្យួរបុគ្គលិកមន្ត្រីជាង ១៥០ ពាន់នាក់ហើយ ខណៈដែលបានចាប់ឃុំខ្លួន មនុស្សប្រមាណជា ៥ ម៉ឺននាក់ ក្នុងនោះរួមមានមន្ត្រីមកពីយោធា, ប៉ូលិស ,តុលាការ, គ្រូបង្រៀន និងមន្រ្តីជាច្រើននៅវិស័យផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា មនុស្សជាង ២៤០ នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានស្លាប់ នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យមួយ កាលពីឆ្នាំមុន៕

មតិយោបល់