ព័ត៌មានជាតិ

ឡានដឹកស្រាបៀរអង្គរបើកមិនប្រយ័ត្ន! បុកម៉ូតូបណ្តាលឲ្យបុរសចំណាស់ម្នាក់របួសធ្ងន់បាក់ជើង

ព្រះសីហនុ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងរវាងរថយន្តដឹកស្រាបៀរអង្គរនិងម៉ូតូជិះមានគ្នា៣នាក់ បណ្តាលឲ្យបុរសចំណាស់ម្នាក់ រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើចិញ្ចើមផ្លូវគ្រួសក្រហម តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតត្រង់ចំណុចមុខផ្លូវចូលក្បាលឆាយ ក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បិទស្លាកស្រាបៀរអង្គរ ពាក់ស្លាកលេខ តាកែវ 3A- 2259 បើកបរក្នុងទិសដៅពីលិចទៅកើត ក៏បានថយក្រោយបុកនិងកិនម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ព្រះសីហនុ1G-0791 ជិះបញ្ច្រាសទិសគ្នា បានបត់ចូលផ្លូវក្បាលឆាយ បណ្ដាលឲ្យបុរសចំណាស់ម្នាក់ រងរបួសធ្ងន់បាក់ជើងឆ្វេង។ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។ ហើយជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់