ព័ត៌មានជាតិ

ល្បែងស៊ីសងគ្រប់ប្រភេទជ្រកកោនក្រោមស្លាកអ៊ីនធើណេត២៤ រីកដូចផ្សិត

ភ្នំពេញៈ ទីតាំងអ៊ីនធើណេតភ្នាល់បាល់ស៊ីសងក្នុងមូលដ្ឋានខណ្ឌដូនពេញ​ មិនតិចជាង៤០កន្លែងនោះទេ​ ជាពិសេសនោះគឺអ៊ីនធើណេត២៤​ យីហោ​ ផ្ទះខៀវ3333 ​ដែលស្ថិតនៅផ្លូវលេខ១៥៤​ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ បើទោះជាការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ ជំរុញពីអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង ដោយអនុញ្ញាតឲ្យទីតាំងបនល្បែងអ៊ីនធើណេត២៤ យីហោ​ ជាច្រើនកំពុងដំណើរការយ៉ាងអនាធិបតេយ្យ និង បង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ​។

ជាក់ស្តែងនៅក្នុងខណ្ឌដូនពេញ ពោរពេញទៅដោយកន្លែងភ្នាល់បាល់​ និងកត់កន្ទុយលេខ ឆ្នោត ជាកន្លែង​អ៊ីនធើណេតយីហោ ណេត២៤ម៉ោង ដែលមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ បើទោះបីជាលោក គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ​ តែងតែចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីស្ទើរតែអស់ក៏ដោយ​ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្តិភាពសន្តិសុខនោះ​ គឺទីតាំងអ៊ីនធើណេតយីហោ ណេត២៤ម៉ោង​ ដែលលាក់លួចភ្នាល់បាល់​ទាំងអស់នោះនៅតែបើកលេងយ៉ាងអនាធិបតេយ្យ​។

បើយោងតាមប្រភពពីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួន​ដែលមិនសប្បាយចិត្តចំពោះការបើកបនល្បែងស៊ីសងនេះ​ ក៏បានបង្ហើបថា យីហោ អ៊ីនធើណេត២៤ម៉ោងទាំងអស់នោះ មិនក្រោមជាង៥០កន្លែងនោះទេ ក្នុងខណ្ឌដូនពេញ​ ដូចជា តាមបណ្តោយផ្លូវលេខ៧០​ ក្បែរស្តាតចាស់ សង្កាត់ស្រះចក​ ចំនួន៣ ; សង្កាត់ផ្សារថ្មីទី១​ ផ្លូវលេខ១១៨​ ចំនួន១កន្លែង;សង្កាត់ផ្សារចាស់ ចំនួន៣កន្លែង​ តាមផ្លូវលេខ១៩​-១១៨​ ;សង្កាត់ផ្សារថ្មីទី២​ ចំនួន៥កន្លែង​ តាមផ្លូវកម្ពុជាក្រោម​ ;សង្កាត់ផ្សារថ្មីទី៣​ ចំនួន៧កន្លែង​ ;សង្កាត់ផ្សារកណ្ដាលទី១​ ចំនួន៤កន្លែង​ ;សង្កាត់បឹងរាំង​ ចំនួន១កន្លែង​ ;សង្កាត់ជ័យជំនះ​ ចំនួន២កន្លែង​ ;សង្កាត់ចតុមុខ​ ចំនួន២កន្លែង;​ សង្កាត់ផ្សារកណ្ដាលទី២​ ចំនួន៤កន្លែង​ ហើយជាពិសេសនោះអ៊ីនធើណេត២៤​ យីហោ​ ផ្ទះខៀវ3333​ ដែលមានអ្នកឈរឈ្មោះណុប​ រស្មី​ ភេទស្រី​ ជាអ្នកចេញមុខរត់ការផងជាមួយនិងអាជ្ញាធរពីថ្នាក់លើដល់ថ្នាក់ក្រោមផងដែរ​ ដោយសារតែម្ចាស់ទីតាំងអាចនឹងមានភាពស្និទ្ធស្នាល ឬផ្តល់ប្រយោជន៍ណាមួយសម្រាប់អាជ្ញាធរ និងសមត្ថកិច្ច ទើបគេហ៊ានបើកល្បែងស៊ីសង ដោយមិនញញើតសមត្ថកិច្ចបែបនេះ​។

លោក គួច​ ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ តែងតែលើកពីវិធានការបង្ក្រាប និងមិនអនុញ្ញាតឲ្យមានបនល្បែងស៊ីសង ពិសេស អនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ប៉ុន្តែហេតុអ្វីក៏ទីតាំងបនល្បែងអ៊ីនធើណេត២៤​ យីហោ​ ផ្ទះខៀវ3333​​ មានដ៏សម្បូរបែបនៅក្នុងខណ្ឌមួយនេះ ដ៏លើលលប់ម្ល៉េះ?។

គួរបញ្ជាក់ផងដែរថា កន្លងមក​ លោកគួច​ ចំរើន​ អភិបាលនៃគណៈអភិបាល​ខណ្ឌដូនពេញ​ ធ្លាប់បានឲ្យដឹងថានៅក្នុងពិធីវាយកំទ្ទេចទូរហ្គេមបាញ់ត្រីនិងហ្គេមបៀ​ ដែលលោកចុះបង្រ្កាបផ្ទាល់ស្ទើរតែអស់នោះ លោកតែងតែឲ្យមន្ត្រីចុះទៅពិនិត្យ​ ទីតាំងអ៊ីនធើណេតយីហោ​២៤ទាំងអស់​ ធ្វើច្បាប់ឲ្យបានត្រឹមត្រូវ​ ហើយទីតាំងទាំងនោះពិតជាលួចលាក់ភ្នាល់បាល់មែននោះ​ លោកនិងសុំគោលការណ៍ពីថ្នាក់លើចុះបង្រ្កាបទីតាំងហ្គេមអ៊ីនធើណេតទាំងនោះបន្តទៀត​ ដូចដែលលោកចុះបង្រ្កាបហ្គេមបាញ់ត្រីចឹង​ ហើយលោកបានប្តេជ្ញាថានឹងមិនឲ្យមានល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌដូនពេញទៀតឡើយ ប៉ុន្តែជាលទ្ធផល ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងវិធានការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ហាក់ដូចខ្វះការទទួលខុសត្រូវ អាចដាក់ភាពសង្ស័យថា មានកត្តាយោគយល់ពីលោកអភិបាលខណ្ឌ។

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញារគួរមានវិធានការលុបបំបាត់ចំពោះបនល្បែងស៊ីសងទាំងនេះ ខណៈជាប្រភពនៃបទល្មើស លួចឆក់ប្លន់ កាប់សម្លាប់ ក្នុងនោះទីតាំងនៃអ៊ីនធើណេតផងដែរ គឺជាកន្លែងប្រើប្រាស់ជួញដូរគ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងទីតាំងទាំងនោះ បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់បំផុត និងចង់ឲ្យលោកអភិបាលបង្រ្កាបទីតាំងអ៊ីនធើណេតទាំងអស់នោះដូចលោកចុះបង្រ្កាបហ្គេមបាញ់ត្រីចឹងដែរ​៕

មតិយោបល់