ព័ត៌មានជាតិ

អាសូរណាស់! ព្រោះតែក្រពះឪពុកកូន២នាក់ជិះទូកយកពោតទៅលក់ ត្រូវខ្យល់ព្យុះបក់បោកលិចស្លាប់យ៉ាងអាណោចអាធ័ម

ក្រចេះ៖ លោកអធិការស្រុកព្រែកប្រសព្វបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពឪពុកកូន២នាក់អណ្ដែតទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកបឹងនៅខាងក្រោយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ា ខ្នា ភេទប្រុស អាយុ៣៧ឆ្នាំ ចំនែកឯកូនស្រីឈ្មោះ គឹម សុខលាង អាយុ១១ឆ្នាំ។ គ្រួសាររបស់ជនរងគ្រោះជាគ្រួសារក្រីក្រមួយរស់នៅក្នុងរោងខ្ទមប្រកតង់ នៅចំណុចខាងក្រោយភូមិតាម៉ៅលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ មានកូន៣នាក់។ គ្រួសារនេះមាន កូនចំនួន៣នាក់ចំណែកឯកូនស្រី ដែលលង់ទឹកស្លាប់នោះ គឺជាកូនច្បង។

ប្រភពព័ត៌មានពីស្រ្តីជាប្រពន្ឋបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៤ កក្កដា ប្តីរបស់ខ្លួននិងកូន បានដឹកពោតស្ងោតាមទូក កាត់បឹងធំនៅខាងក្រោយភូមិយកទៅលក់ តែមិនឃើញត្រឡប់មកផ្ទះវិញនោះទេ។

ប្រភពដដែលបានបន្តថា សាកសពឪពុកនិងកូនស្រីត្រូវបានអ្នកនេសាទក្នុងភូមិប្រទះឃើញ ស្លាប់អណ្តែតទឹកបឹង នៅខាងក្រោយស្រុកព្រែកប្រសព្វ ខណ:ដែលជនរងគ្រោះពីរនាក់ ឪពុកនិងកូនស្រី បានជិះទូកយកពោតស្ងោរទៅលក់ និងបានជួបហេតុការណ៍លិចទូកស្លាប់យ៉ាងអាណោចអាធ័ម។

តាមការសន្និដ្ឋាន ជនរងគ្រោះទាំង២នាក់ពិតជាបានលង់ទឹកបឹងស្លាប់ ខណ:ដែលអ្នកទាំងពីរបានជួបហេតុការណ៍ខ្យល់ព្យុះ ហើយក៏លិចទូកលង់ស្លាប់ទាំងពីរនាក់តែម្ដង។

ក្រោយពេលកើតហេតុ សាកសពឪពុកនិងកូនស្រី ត្រូវបានយកមកធ្វើបុណ្យនៅផ្ទះសាច់ញាតិនៅក្នុងភូមិតាមប្រពៃណី៕

មតិយោបល់