ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ២៣ និង២០នាទីយប់ ថ្ងែទី១៥ ខែកក្កដា មានរថយន្តកូរ៉ូឡា មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ក៏ទៅបុកនឹងម៉ូតូ TODAY ត្រង់ចំណុចស្តុបបែកជាបួន បណ្ដាលឲ្យបុរសម្នាក់ រងរបួសបែកមុខបែកមាត់ តែមិនធ្ងន់ធ្ងរនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចស្តុបបែកជាបួន កែងនិងផ្លូវព្រះមុនីវង្ស ដែលស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CP- 2604 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់កន្លែងកើតហេតុខាងលើ ត្រង់ចំណុចស្តុបបែកជាបួន កែងនិងផ្លូវលេខ២១៧ ក៏មានបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៍ស្ករ ដែលមានពាក់ស្លាកលេខភ្នំពេញ 2AE- 1880 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត បើកយ៉ាងលឿន ក៏ទៅបុកនឹងម៉ូតូ TODAY ពេញទំហឹង ដោយរថយន្តខាងលើមិនបានឈប់នោះទេ ថែមទាំងបានបើករថយន្តអូសម៉ូតូ ទាំងនៅជាប់ក្រោមកាងរថយន្ត ប្រហែលជា២០០ម៉ែត្រ ទើបរថយន្តបើកទៅមុខរួចលែង ក៏ត្រូវបុរសរងគ្រោះ និងប្រជាពលរដ្ឋឃាត់ខ្លួនបាន។
នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យបុរសជិះម៉ូតូ TODAY ខាងលើ រងរបួសបែកមុខបែកមាត់ តែមិនធ្ងន់ធ្ងរនោះឡើយ ចំណែកអ្នកបើកបរថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី២ ដើម្បីការពារសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្ត កូរ៉ូឡា បានចេញថ្លៃការខូចខាត និងថ្លៃរបួសស្នាម ដល់ភាគីខាងម៉ូតូ TODAY ចំនួន ២៥០ដុល្លារ បញ្ចប់រឿងនៅនិងកន្លែង ដើម្បីកុំអោយវែងឆ្ងាយ ៕
មតិយោបល់