ស្វាយរៀងៈ កាលពីវេលាម៉ោង២ និង២៥នាទីរសៀលថ្ងៃទី១៥ ខែកក្កដា មានសោកនាដកម្មបុករះ ស្លាប់ ០២ នាក់ និងរបួសធ្ងន់-ស្រាល ០៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ។
ជនរងគ្រោះ ទី១-ឈ្មោះ សេក ចន្ទ័សម្ភស្ស ភេទស្រី អាយុ៦ឆ្នាំ (ស្លាប់នៅនឹងកន្លែងជាកូនស្រីពៅ មានឪពុកឈ្មោះសូ សាភ័ណ្ឌ អាយុ៤៥ឆ្នាំ ,ទី២-ឈ្មោះ ហ៊ុយ ស្រីកា ភេទស្រី អាយុ៥ឆ្នាំ ស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ជូនទៅវៀតណាម ចំណែកទី៣- ឈ្មោះ សេក រតនា ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយធំរបស់ក្មេងស្រី បានស្លាប់នៅនឹងកន្លែងផងដែរ រីឯប្រុស ០៤នាក់ផ្សេងទៀត ជាភាគីខាងរថយន្តបង្ក ដែលអ្នកបើកបរឈ្មោះ ញ៉ែម វណ្ណដេត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប របួសស្រាល រីឯអ្នករួមដំណើរម្នាក់ខ្ទាតចេញតាមកញ្ចក់របួសធ្ងន់។
បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2D-1607 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយរេរចង្កូតពេញផ្លូវធ្វើឲ្យបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។ នៅពេលមកដល់ចំណុចកើតហេតុ ក៏រេរចង្កូតទៅស្តាំបុករះចូលតូបលក់ទឹកអំពៅ ស្របពេលស្ត្រីម្ចាស់ផ្ទះ និងក្មួយស្រី ព្រមទាំងក្មេងនៅខាងមុខផ្ទះ កំពុងអង្គុយលេង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងបន្តទៅបុកដើមខ្នុរដាច់ដល់ដី រួចបុកចូលផ្ទះលក់ផ្កា បាក់សរសររោង២ដើម និងសម្ភារៈផ្សេងៗទៀត គិតជាប្រាក់ជាង៥០០ដុល្លារ។ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកតូប២ផ្ទះទៀតធ្វើឲ្យបាក់ដើមខ្នុរ១ដើមទៀត និងបាក់រោងតុការមួយចំនួន រួចក៏បុកបង្គោលប៉ាន់ណូបន្ថែមទៀត ទើបទៅមុខលែងរួច បណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្តម្នាក់ខ្ទាតចេញតាមកញ្ចក់មកក្រៅរបួសធ្ងន់ រីឯអ្នកបើកបរ និងអ្នករួមដំណើ២នាក់ផ្សេងទៀតរបួសក្បាលស្រាលក៏នាំគ្នាបើកទ្វារប្រុងរត់គេច តែត្រូវប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕



មតិយោបល់