ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកងដៃ ក្មេងអាយុទើបជាង១ខួប ត្រូវសមត្ថកិច្ច វាយខ្នោះ!

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១១ និង ១០នាទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច (កងដៃ) ដែលប្រព្រឹត្តកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។

បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ បាន ពៅ ភេទ ស្រី អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានអោយកូនស្រី អាយុប្រមាណ ០១ខួប ០៦ខែ ដេកក្នុងអង្រឹង ហើយខ្លួនក៏បានចេញទៅផ្សារទិញម្ហូប ហើយដោយសម្អាងថា ប្តីរបស់ខ្លួន ធ្វើការនៅផ្ទះក្បែរផ្ទះរបស់ខ្លួនដែរ ក៏មិនមានការប្រុងប្រយ័ត្ន លុះខ្លួនត្រឡប់មកពីផ្សារវិញ មើលទៅកូនមិនឃើញកងដៃ ដែលកូនពាក់នោះទេ ហើយបានសួរទៅប្តី តែប្តីថាមិនដឹងដែរ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងដោយផ្ទះរបស់ជនរងគ្រោះ មានបំពាក់កាមេរ៉ាសុវត្ថិភាព ក៏បានឆែកមើលវីដេអូ ក្នុងកាមេរ៉ាសុវត្ថិភាព ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ ។ ក្រោយពីធ្វើការសាកសួរ យើងអាចកំណត់មុខសញ្ញាជនសង្ស័យ បានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ចិត្រា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានលួចយកកងដៃ ពីកូនរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(កងដៃ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកកងដៃ កម្លាំងជំនាញបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់