ព័ត៌មានជាតិ

Update៖ ម៉ូតូ២គ្រឿងប៉ះគ្នាដួលត្រូវ កុងតឺន័រ បុកអូសខ្ទេចក្បាលរយះកសឹងតែដាច់ពីស្មារស្លាប់ក្នុងថ្លុកឈាម និង២នាក់ទៀតរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូជិះប៉ះគ្នាដួល ក៏ត្រូវរថយន្តកុងតឺន័របុកអូសបណ្តាលខ្ទេចក្បាលរយះក សឹងដាច់ពីស្មារ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្អូនប្រុសរបស់សពបានឲ្យថា សពជនរងគ្រោះខាងលើនេះមានឈ្មោះ សំ សម្បត្តិ អាយុ២៤ឆ្នាំ មុខរបរជាងឈើ តុ ទូ ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ម៉ូតូទាំង២គ្រឿងដែលប៉ះគា្ននេះ ទី១ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី០១៦ ពាក់ស្លាកលេខ 1FW-6007 ជិះគ្នា២នាក់ និងទី២ម៉ាក ហុងដាសង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខ 1BG-8549 ជិះគ្នា៣នាក់។

បើតាមសម្តីពីមិត្តម្នាក់ទៀតដែលជិះជាមួយគ្នារងរបួសបាក់ជើងទៅសង្គ្រោះនៅមន្ទីរពេទ្យបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងគាត់ចេញមកពីលេង នៅផ្ទះបងម្តុំវត្ត ពោធិ៍ញាណ ផ្លូវ៣៧១ លុះដល់ម៉ោងកើតក៏ធ្វើដំណើរមកវិញគោលបំណងទៅផ្ទះជួលវិញនៅភូមិដំណាក់ធំ៣ ដោយជិះមកដល់ផ្លូវ៣០ម៉ែត្រជាផ្លូវកំពុងស្ថាបនាចាក់បេតុងម្ខាងរួចនៅម្ខាងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកសង់ប៊ិចជិះមកបញ្ច្រាសទិសគ្នាយ៉ាងលឿន មកប៉ះជាមួយម៉ូតូសង់ស៊េរី០១៦ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួល ភ្លាមនោះក៏មានរថយន្តកុងតឺន័របើកមកដល់ កិននិងអូសជនរងគ្រោះម្នាក់ ខ្ទេចក្បាល រយះស្មារចេញពីក ដូចគេកាប់អ៊ីចឹង។

បើតាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រៅពីស្លាប់ម្នាក់ នៅមានជនរងគ្រោះចំនួន៤នាក់ទៀត ២នាក់ធ្ងន់និង២នាក់ស្រាល ត្រូវគ្លីនិករស្មីដឹកទៅសង្គ្រោះ៣នាក់ និងគ្លីនិកសួគ៌ាដឹកទៅសង្គ្រោះម្នាក់។ ក្រោយកើតហេតុរថយន្តកុងតឺន័របានបន្តទៅមុខដោយសុវត្ថិភាព បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទៅដល់ជួលសម្រួលចរាចរណ៍ និងបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមកវាស់វែងយកម៉ូតូទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕

មតិយោបល់