ព័ត៌មានអន្តរជាតិ

ស្លាប់ ២៧ នាក់ ខណៈ ៥៤ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការលិចកប៉ាល់នេសាទត្រីបាឡែន នៅកុងហ្គោ

កុងហ្គោៈ មន្រ្តីអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៧ នាក់បានស្លាប់ ខណៈដែល ៥៤ នាក់ទៀត កំពុងបាត់ខ្លួន ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ ចូលមកដល់ថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីកប៉ាល់នេសាទត្រីបាឡែនមួយ បានលិចនៅទន្លេ Kasai នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo)។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

អភិបាលគ្រប់គ្រងដែនដីលោក Jacques Mbila បានបញ្ជាក់ថា «យើងបានរកឃើញសាកសពមនុស្ស ២៧ នាក់ ដែលហេតុការណ៍លិចកប៉ាល់នេះ បានកើតឡើងនៅខាងមុខតំបន់ទីប្រជុំជន Idiofa ហើយភាគច្រើនជនរងគ្រោះ គឺជាសិស្សដែលបានធ្វើដំណើរនៅលើកប៉ាល់ អំទ្បុងពេលថ្ងៃឈប់សម្រាក»។

លោក Mbila បានបន្ថែមថា មូលហេតុនៃការលិចកប៉ាល់នេះ គឺបណ្ដាលមកពីការផ្ទុកលើសទម្ងន់ រួមទាំងការស្រវឹងរបស់នាវិក។

គួរបញ្ជាក់ដែរថា ទន្លេ Kasai ត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនតាមដងទន្លេកុងហ្គោ ទៅកាន់តំបន់ Djokupunda ហើយជាញឹកញាប់ការផ្ទុកលើសទម្ងន់ ជាហេតុផលសំខាន់បំផុត ធ្វើឲ្យកប៉ាល់ជាច្រើនបានលិច នៅតាមដងទន្លេនានា នៅក្នុងប្រទេសកុងហ្គោ៕

មតិយោបល់