ព័ត៌មានជាតិ

រថយន្តដឹកស៊ីទែនក្រុមហ៊ុន SAVIMEX បុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មានរកណីរថយន្ត១គ្រឿងដឹកស៊ីទែនក្រុមហ៊ុន SAVIMEX បុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យធ្លាក់ស្ត្រីម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវរាជធានី ភ្នំពេញ ។

រថយន្តបង្កម៉ាកហ៊ីណូដឹកស៊ីទែនរបស់ក្រុមហ៊ុន SAVIMEX ពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ3D 9231បើកដោយបុរសម្នាក់ ។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក មានពណ៌ក្រហម ដឹកស្ត្រីវ័យចំណាស់ម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបើកខាងក្រោយម៉ូតូសណ្តោងរ៉ឺម៉កបើកខាងមុខ ទិសដៅស្របគ្នា ពីត្បូងទៅជើង ។ លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កបានបង្អង់ល្បឿនបន្តិច ព្រោះមានជង្ហុកនៅខាងមុខ ខណ:នោះស្រាប់តែរថយន្តជ្រុលបុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យរុលទៅមុខយ៉ាងលឿន ធ្លាក់ស្ត្រីវ័យចំណាស់ម្នាក់ មកលើផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រោយកើតហេតុ តៃកុងរថយន្ត កាច់ចង្កូតមកកណ្តាលផ្លូវ ឈប់រថយន្តចុះគេចខ្លួនបាត់ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

វត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញចុះវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់