ព័ត៌មានជាតិ

បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព បត់ឆ្វេងមិនប្រុងប្រយ័ត្ន ត្រូវម៉ូតូធំបុកពីក្រោយ ស្លាប់ម្នាក់របួសធ្ងន់និងស្រាល២នាក់

(ត្បូងឃ្មុំ​)៖​ ព្រោះតែ​បើកបរ​ម៉ូតូ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ និង​បត់​ឆ្វេង​ឆ្លង​កាត់​ថ្នល់​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ត្រូវ​ម៉ូតូ​ធនធំ១គ្រឿង​ប្រើប្រាស់​ល្បឿនលឿន​ដែរ​នោះ​ បើក​បុក​ពី​ក្រោយ​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និង​មនុស្ស​២នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​៣និង​៣០នាទី​រសៀល​ ថ្ងៃ​ទី​៦​ មេសា​ ២០១៦​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១​ ស្ថិត​ក្នុង​ភូមិ​ចង្វា​ ឃុំ​អំពិល​តាពក​ ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​ ។
មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ឲ្យដឹងថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ទេស​ ឡេត​ អាយុ​៦៩ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​តាធម្ម​ ឃុំ​អំពិល​តាពក​ ស្រុក​អូររាំងឪ​ បាន​បើកបរ​ម៉ូតូ​១គ្រឿង​ម៉ាក​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BM.3853​ ឌុប​​ប្រពន្ធ​ម្នាក់​ឈ្មោះ​សាយ​ ហ៊ាង​ អាយុ​៦០ឆ្នាំ​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ ក៏​បាន​បត់​ឆ្វេង​ ស្រាប់​តែ​មាន​ម៉ូតូ​១គ្រឿង​ម៉ាក​CBR​ ពណ៌ក្រហម​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ម៉េង​ វណ្ណដា​ អាយុ​២១ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​មេ​បុណ្យ​ ឃុំ​មេ​បុណ្យ​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ ដែល​បើកបរ​ស្រប​ទិស​គ្នា​ ដោយ​ប្រើប្រាស់​ល្បឿនលឿន​ផងនោះ​ ក៏​បាន​បុក​ពី​ក្រោយ​បណ្ដាលឲ្យ​ស្ត្រី​ឈ្មោះ​សាយ​ ហ៊ាង​ ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​ និង​​បុរស​ជា​ប្ដី​ឈ្មោះ​ទេស​ ឡេត​ រងរបួស​ស្រាល​ ចំណែក​ឯ​បុរស​បើកបរ​ម៉ូតូ​CBR​ រងរបួស​ធ្ងន់ធ្ងរ​ផង​ដែរ​ ។
ក្រោយ​ពី​កើត​ហេតុ​ ​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ បញ្ជូន​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ និង​ប្រគល់​សាកសព​អ្នក​ស្លាប់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​ម៉ូតូ​ទាំង​២គ្រឿង​ ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អូររាំងឪ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិវិធី​ច្បាប់​៕

photo_2016-04-07_05-53-51 photo_2016-04-07_05-54-27photo_2016-04-07_05-54-32photo_2016-04-07_05-54-49photo_2016-04-07_05-54-43

មតិយោបល់