ព័ត៌មានជាតិ

អុញនោះ! ធ្វើជាងជួសជុសម៉ូតូសុខៗ បែកគំនិតជួញដូរថ្នាំញៀន ដកហូតបានជាង១០កញ្ចប់ឯណោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ សហការជាមួយនិងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង១០នាទី រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៩៨ កែងផ្លូវលេខ១៣ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ចាប សុផាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅក្នុងខ្ទមផ្លូវលេខ៩៨កែងផ្លូវលេខ១៣ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន១៥កញ្ចប់ (៥កញ្ចប់ធំ និង១០កញ្ចប់តូច), ដាវដែកចំនួនមួយ, លុយខ្មែរ៥,០០០រៀល ,បំពង់ទីបចំនួន១, បំពង់កែវចំនួន៦, ថង់ប្លាស្ទិចមួយចំនួន ,ដែកកេះចំនួន២, កាបូបដៃចំនួន១, ដបចោះគំរបដាក់ទុយោចំនួន២ ,អត្តសញ្ញាណបណ្ណ័ចំនួន១សន្លឹក។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់