ព័ត៌មានជាតិ

រថយន្តKIA ដឹកទំនិញមួយគ្រឿងលឿនខ្លាំងពេកឡើងលើទ្រូងផ្លូវ ពន្លះស្លាកប៉ាន់ណូបាក់រាបកណ្តាលសួន!

ភ្នំពេញ: រថយន្តម៉ាក KIA ដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ សង្ស័យអ្នកបើកបរងងុយដេក បានរ៉េចង្កូតទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តហោះផ្លោងទៅបុកស្លាកប៉ានណូដែលនៅចំកណ្តាលសួនច្បារពេញទំហឹង បណ្តាលឲ្យដាច់ឬសចេញមកក្រៅ រងការខូចខាតទាំងស្រុង។ ចំណែករថយន្តបានកល់ជាប់នៅនឹងកន្លែងបើកទៅមុខលែងរួចតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់ ថ្ងែទី១៨ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក KIA ដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-0823 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណ:ពេលមកដល់កន្លែងកើតហេតុខាងលើ សង្ស័យអ្នកបើកបរងងុយដេក បានរ៉េចង្កូតរថយន្តទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តហោះផ្លោងទៅបុក ស្លាកប៉ានណូដែលនៅចំកណ្តាលសួនច្បារពេញទំហឹង បណ្តាលឲ្យស្លាកប៉ានណូ ដាច់ឬសចេញមកក្រៅ រងការខូចខាតទាំងស្រុង។ ចំណែករថយន្តបានកល់ជាប់មួយកន្លែងបើកទៅមុខលែងរួច ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមាននរណាម្នាក់រងរបួសអ្វីនោះទេ។ រីឯអ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់