ព័ត៌មានជាតិ

បែកធ្លាយកន្លែងបើកInternet២៤ម៉ោងពីរទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងជារបស់នាយរងប៉ុស្តិ៍ដើមមៀន ក្រុងតាខ្មៅ

កណ្តាល: ល្បែងស៊ីសងនៅក្នុងក្រុងតាខ្មៅ នៅតែបន្តបើកលេងលួចលាក់ យ៉ាងច្រើនកុះករ ជាពិសេសកន្លែងបើកInternet ២៤ម៉ោងតែម្តង ដែលអាចសង្ស័យបង្កប់ និងលួចលាក់តាមប្រព័ន្ធinternet មានដូចជា ចាក់បាល់ ភ្នាល់បញ្ជល់មាន់ ហ្គេមបាញ់ត្រី ហ្គេមមួយចំនួនទៀត ដែលធ្វើអោយយុវវ័យ និងសិស្សសាលាឈ្លក់វង្វេង បាត់បង់ស្មារតី ។ ចំណេកឯយុវវ័យវិញអាចធ្វើឲ្យបែកគំនិត ចេញឆក់ ប្លន់ អំពើហិង្សា និងប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម។

ប្រភពព័ត៌មានច្បាស់ការបានផ្តល់ឲ្យ Post News ដឹងថា ទីតាំងកន្លែងបើកInternet២៤ម៉ោងចំនួនពីរកន្លែងដែលសង្ស័យថាបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធinternet ក្នុងងមួយថ្ងៃៗ មានយុវវ័យ និងក្មេងៗសិស្សសាលា ចូលរហូតនោះគឺទី១ នៅផ្លូវ២០៥ ក្បែរផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀតនៅផ្លូវ១០៩ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលទីតាំងទាំងពីរនោះ អ្នកផ្តល់ព៌តមានបានបង្ហើបឲ្យដឹងថា ជារបស់អនុសេនីយ៍ទោ សុខ សុវណ្ណា (ហៅតោ) នាយរងប៉ុស្តិ៍ដើមមៀនផងដែរ។

សូមរំលឹកថា នៅក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាលប្រជាពលរដ្ឋបានរិះគន់ទាំងក្តៅក្រហាយថា ល្បែងស៊ីសងនៅហាងកាហ្វេ កន្លែងInternet២៤ម៉ោង ក្នុងផ្សារនានាបានរីកដុះដាលដូចផ្សិតដែលទាំងនេះបានបង្កើននូវជនខិលខូចលួចកាច់កម៉ូតូ គាស់ផ្ទះ ឆក់ ប្លន់រហូតឈានដល់ប្រព្រឹត្តិអំពើឃាតកម្មជាបន្តបន្ទាប់ថែបទៀតផង។

ជាក់ស្ដែងដូចជាកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៧ មុននេះអញ្ចឹង ដោយសារសមត្ថកិច្ចមានភាពធូររលុងទើបឃាតកឈានដល់ការកាប់សម្លាប់បំរុងប្លន់យកលុយកាក់ដែលខ្លួនលេងចាញ់កន្លងមក។ ទាំងនេះហើយដែលជាកត្តាកែទម្រង់ពីសុវត្ថិភាពទៅជាអសុវត្ថិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមើលឃើញភាពធូររលុងហើយពូកគាត់បានអស់ទឹកចិត្ត និងជឿជាក់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន។ដូចជាល្បែងស៊ីសងតាមបណ្ដោយផ្លូវលេខ ២០៥ ចាប់ពីផ្ទះលេខ ២៥១ មានល្បែងស្នូកឃ័រ អ៊ីនធើណេត និងផ្ទះលក់កាសែតក៏មានកត់កន្ទុយលេខផងដែរ និងជាពិសេសតាមកន្លែងInternet២៤ម៉ោង មិនតែប៉ុណ្ណោះនៅមានហាងកាហ្វេនានាក្នុងក្រុង ក៏ដូចជាតាមផ្សារនានាក៏មានច្រើនដែរ ប៉ុន្តែគេពុំឃើញមានសមត្ថកិច្ចថ្នាក់ណាចុះបង្ការ បង្រ្កាបទាល់តែសោះ។

ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ពួកគាត់មិនហ៊ានធ្វើទេលុះត្រាតែមានបទបញ្ជាពីគណៈបញ្ជាការឯកភាពក្រុងដាក់បទបញ្ជាទើបពួកគាត់ហ៊ាន បើទោះបីបងប្អូនប្រជាពលរដ្ឋរិះគន់យ៉ាងណាក៏ដោយក៏ពូកគាត់មិនហ៊ានដែរ។ ដោយឡែកសំដីអ្នកកត់កន្ទុយលេខជាកូនកញ្ជ្រែងវិញគេបានសើចចំអកថាវាជាសកម្មភាពទូទៅហើយគេក៏កត់ខ្ញុំក៏កត់បានគឺស្មើភាពគ្នា។

ក្រោយពេលមានឃាតកបានចាក់សម្លាប់បុគ្គលិកបម្រើការនៅហាងអ៊ីនធើណេត មកនោះលោក ហេង ធៀម អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅបានប្រាប់ភ្នាក់ងារ Post News យើងដឹងតាមរយៈទូរស័ព្ទកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា នេះថា យើងមានវិធានការអនុវត្តឲ្យបានរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានគឺគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយបើមានកន្លែងណាចាក់ឆ្នោតដែលបង្កប់ក្រោមស្លាកឆ្នោតខ្មែរឬ ហាងកាហ្វេ និងកត់ក្នុងផ្សារនានាក្នុងក្រុងតាខ្មៅយើងនេះសូមបងប្អូនរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីងាយស្រួលក្នុងការបង្រ្កាប។

គួរបញ្ជាក់ផងដែរថា ការរស់រានមានជីវិតនៃល្បែងស៊ីសងទាំងឡាយដែលលាក់ខ្លួនពួនជ្រកកត់ក្រោមស្លាកហាងកាហ្វេ ល្បែងហ្គេម ជ្រកក្រោមហាងអ៊ីនធើណេត និងកត់កន្ទុយលេខជ្រកក្រោមតូបលក់ទាំងឡាយក្នុងផ្សារនានាគេសង្កេតឃើញល្បែងទាំងនោះកំពុងពេញនិយមម្រាប់អ្នកញៀនល្បែងទាំងនេះ ហើយបង្អូតខ្លួនបានយ៉ាងសង្ហានៅទីសាធារណៈទីប្រជុំជនដោយមិនខ្លាចញញើតសមត្ថកិច្ចថ្នាក់ណាបន្តិចឡើយ ៕

មតិយោបល់