តាកែវៈ លោកអធិការរងស្រុកត្រាំកក់ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងរថយន្តបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរម៉ក (ពោងដឹកស៊ីម៉ង់ត៍) ក្បាលពណ៌ត្រេអ៊ី ពាក់ស្លាកលេខ រដ្ឋ 06 3-0039 ពោងពណ៌ទឹកដោះគោ គ្មានពាក់ស្លាកលេខ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងស៊ីម៉ង់ត៍ អ្នកបើកបរគេចខ្លួនបាត់ បើកបរមកពីទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-9840 បើកបរដោយឈ្មោះ ឌុល សៀ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ស្នាក់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរជាមួយចំនួន២នាក់ ទី១ឈ្មោះ ធីម ចាន់ធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើថ្នល់ ស្នាក់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (ស្លាប់នៅនឹងកន្លែងកើតហេតុ) និង ទី២ឈ្មោះ ធីម ចាន់ធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករធ្វើថ្នល់ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) បើកបរមកពីទិសខាងលិច បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់រួចធ្វើការនិងនាំយកវត្ថុតាងរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសពទាំង២នាក់ បានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕
មតិយោបល់