ព័ត៌មានជាតិ

ឃើញនៅបន្ទប់ម្នាក់ឯង ចូលទៅចាប់រំលោភបានសម្រេច

ភ្នំពេញៈ យុវជនវ័យ២៦ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួននាំទៅប្រគល់ឲ្យ នគរបាលប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីរូបគេធ្វើសកម្មភាពចាប់រំលោភកម្មការិនីរោងចក្រកាត់ដេរម្នាក់ រហូតបានសម្រេច។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃត្រង់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ២ផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សំបុក សុវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ជី អេវើហ្គ្រើន ស្នាក់នៅបន្ទប់​ជួលក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្វាយរុន ឃុំគោកគង់ខាងលិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ អាយុ១៨ឆ្នាំមុខរបរ កម្មកររោងចក្រ ជាមួយជនសង្ស័យ ស្នាក់នៅជាមួយបងស្រីនៅក្នុងបន្ទប់ផ្ទះជួលខាងលើ មានស្រុកកំណើត ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងរងគ្រោះបានដើរចេញពីរោងចក្រទៅហូបបាយនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈនោះជនសង្ស័យបានដើរចូលទៅតាមក្រោយ រួចទាញទ្វារបិទខ្ទាស់គន្លឹះជាប់ រួចបានធ្វើសកម្មភាពចាប់នាងរំលោភរហូតបានសម្រេច។ ខណៈនោះនាងខំប្រឹងរើបម្រាស់ដែរ ប៉ុន្តែរើមិនរួចលុះក្រោយពេលដែលជននោះ ចាប់រំលោភរួច ទើបបងប្អូនជីដូនមួយរបស់នាងទៅដល់ និងបានគោះទ្វារហៅ នាងក៏រត់ទៅបើកទ្វារនិងស្រែកឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលហើយអ្នកជិតខាងបាននាំគ្នាជួយចាប់ជននោះ នាំទៅប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅចាត់ការតាមច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅដើម្បីចាត់ការទៅតាមនីតិវិធី៕

https://youtu.be/iEMEqzlrCO4

មតិយោបល់