បន្ទាយមានជ័យៈ មុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន១០នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមង្គលបូរីឃាត់ខ្លួន។
លោក ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់នេះ ត្រូវបានធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងយុទ្ធនាការប្រមាណជាង៦ម៉ោង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។
លោកអធិការរូបនេះបន្តថានៅម៉ោង១២និង២៣នាទីកម្លាំងប្រតិបត្តិការបានឃាត់ខ្លួនយុវជន៦នាក់ ក្នុងភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ហើយបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួន។ ហើយនៅម៉ោងប្រមាណ៥និង២០នាទី កម្លាំងជំនាញឃាត់ខ្លួនយុវជនសង្ស័យ៤នាក់បន្ថែមទៀតនៅចំណុច ភូមិភ្នំត្បូង ឃុំអូរប្រាសាទ។ ក្រោយឃាត់ខ្លួនទាំង២លើកសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១ថង់តូច ទូរសព្ទដៃ៤គ្រឿង ម៉ូតូចំនួន២គ្រឿង និងសំបកកូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនធំ។
ជុំវិញនៃការឃាត់ខ្លួនអ្នកចែកចាយ និងអ្នកប្រើប្រាស់ខាងលើ អ្នកស្រុកមង្គលបូរីបានត្អូញត្អែរប្រាប់អ្នកយកពត៌មានយើងថាបច្ចុប្បន្នគ្រឿងញៀនបាននិងកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើស្រទាប់យុវវ័យតាំងពីទីរួមស្រុករហូតដល់ភូមិចុងកាត់មាត់ញក។ អ្នកចែកចាយធំៗសមត្ថកិច្ចនៃស្រុកនេះមិនដែលចាប់បានឡើយគឺចាប់បានតែពពួកចែកចាយតិចតួច ហើយនិងអ្នកប្រើប្រាស់ប៉ុណ្ណោះ។
មួយវិញទៀតចំនួននៃអ្នកប្រើប្រាស់កាន់តែមានចំនួនកើនឡើងជារៀងរាល់ថ្ងៃ។ ការរីករាលដាលនេះបានបង្កជាក្តីបារម្ភសំរាប់ពួកគាត់ដែលគិតគូរដល់អនាគតកូនៗ។
បច្ចុប្បន្ន ក្រោយពីបានធ្វើការដកហូតនូវថ្នាំញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនដែលពាក់ព័ន្ធរួចហើយ សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យដែលឃាត់ខ្លួនបានខាងលើទៅអធិការដ្ឋាន ដើម្បីសាកសួរនិងបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់