ព័ត៌មានជាតិ

ពលរដ្ឋ​ជីខ​លើ បន្ត​ការតវ៉ា​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​

​កោះកុង ៖ រហូតដល់​ពេល​នេះ គឺ​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដែល​ប្រជាពលរដ្ឋ​សហគម​ន៏​ព្រែក​ខ្សាច់​នៃ​ឃុំ​ជីខ​លើ បន្ត​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យមាន​ដោះលែង​តំណាង​របស់​ពួកគាត់ ដែល​ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង S.E.Z របស់​លោក​ឧ​កញ្ញ៉ា លី​យ៉ុង​ផាត់ ។​

​ក្រុមអ្នកតវ៉ា​នៅតែ​បន្ត​ប្រមូលផ្តុំ​គ្នា​ដោយ​បោះ​តង់​ដេក និង​ដាំបាយហូប​នៅមុខ​សាលាដំបូង​ខេត្ត​
​តែម្តង ដោយ​ពួកគាត់​មាន​ចង​បដា និង រូបថត​សម្តេច​តេជោ និង លោកជំទាវ ប៊ុន រ៉ានី​ហ៊ុនសែន ថែម​ទាំង​ចាក់​មេក្រូ​បំពង​សម្លេង​ស្រែក​រក​យុត្តិធម៌ និង​ទាមទារ​ដោះលែង​តំណាង​របស់​គាត់ ទោះបី​មាន​ភ្លៀង​ធ្លាក់​យ៉ាងណា​ក៏​នៅតែ​តស៊ូ​ក្រាញ​ននៀល​មិន​ទៅ​ណា​ទេ ។ ការតវ៉ា​របស់​សហគម​ន៏​នេះ ទោះជា​យ៉ាងណា​ក៏ដោយ​មិន​មាន​ការ​អើពើ​ពី​អាជ្ញាធរ​ខេត្ត ឬ ស្ថាប័ន​តុលាការ​ឡើយ​។​

​មន្ត្រី​សាលាខេត្ត​ធ្លាប់បាន​និយាយ​នៅ​ចំពោះមុខ​អ្នកការ​សែត​ថា ឲ្យ​អើពើ​យ៉ាងម៉េច បើ​គេ​មិន​បាន​ពឹងពាក់​យើង​ផង​នោះ ពោល​គឺ​គេ​ពឹង​ទៅខាង​សង្គម​ស៊ីវិល​ទេ​។

​គួររំលឹកថា លោក ផន ណុល តំណាង​ប្រជាពលរដ្ឋ​ឃុំ​ជីខ​លើ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ គឺ​លោក
​ខាំ សុ​ផា​រី សម្រេច​បង្គាប់​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់​ពី​កោះហៅ​មក​បំភ្លឺ​និង សាកសួរ​រួច​៕

2014-10-30_090058

មតិយោបល់