ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន យុវជនដែលថតរូបអាក្រាតកាយសង្សារ គំរាមទារប្រាក់

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបារាជធានីភ្នំពេញ បានឲ្យក្រោយពីសាកសួរចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ជា សុច័ន្ទដេត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ដែលបាន ថតរូបអាក្រាតកាយសង្សាររបស់ខ្លួន ដើម្បីគំរាមទារប្រាក់ ជាបណ្ដោះអាសន្នហើយ។

ប្រភពពីដដែលបានឲ្យដឹងថា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ ម៉ម ភ័ក្ត្រា ហៅ ភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ពីបទ គំរាមកំហែងហែកកេរ្តិ៍ យោងតាមមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមរាបាយការណ៍សមត្ថកិច្ចជនសង្ស័យមានឈ្មោះ ម៉ម ភ័ក្ត្រា ហៅ ភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះជាសង្សារ ដែលបានប្តឹងពីបទ គំរាមកំហែងហែកកេរ្តិ៍ គំរាមទារប្រាក់ចំនួន ៥០០ដុល្លារអាមេរិក ជាថ្នូរមិនបង្ហោះរូបភាពអាក្រាតកាយរបស់នាង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបាន បញ្ជាក់ថា ជនសង្ស័យ និងនារីរងគ្រោះ គឺជាសង្សារហ្នឹងគេយូរឆ្នាំហើយ ដែលផ្តើមចេញពីការស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតបានរួមរស់ជាមួយគ្នា ជាច្រើនលើកច្រើនសារ ហើយនៅពេលនៅជាមួយគ្នា ជនសង្ស័យតែងតែថតរូបនារីរងគ្រោះ អាក្រាតកាយទុក។ លុះក្រោយមកជនសង្ស័យក៏បានប្រើប្រាស់រូបអាក្រាតកាយទាំងនោះ គំរាមទារប្រាក់ពីនារីរងគ្រោះរហូតមក។ ដោយសារតែនារីរងគ្រោះទ្រាំមិនបាន ក៏បានសុំជនសង្ស័យបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រម និងបន្តគំរាមបង្ហោះរូបភាពនោះបើមិនឲ្យលុយ ទើបនារីរងគ្រោះសម្រេចដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ភាគីជនសង្ស័យបាន យល់ព្រមសងសំណងចំនួន ៥០០០ដុល្លារទៅជនរងគ្រោះដើម្បីបញ្ចប់រឿង ហើយភាគីរងគ្រោះក៏យល់ព្រម ប៉ុន្តែតំណាងអយ្យការមិនយល់ព្រម និងបញ្ជាឲ្យនាំខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

https://youtu.be/VRunt-Wmfd4

មតិយោបល់