ព័ត៌មានជាតិ

ពិតជាសំណាងណាស់! រថយន្តបែនមួយគ្រឿងរេចង្កូតមកបុកម៉ូតូគុបពេញទំហឹង ប៉ុន្តែ…

ភ្នំពេញៈ រថយន្ត​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​ ហើយ​ឡើង​មក​លើ​ចញ្ចើម​ផ្លូវ​តម្រង់​មក​បុក​ទាំង​កំរោល​រួម​ទាំង​កិន​ម៉ូតូ​អូស​ជាង​៥០​ម៉ែត្រ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧​និង​​៥០​​នាទី​យប់ ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ធានាគារអេ​ស៊ី​លី​ដា តាម​បណ្ដោយ​ផ្លូវ​២​១៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

បើតាមប្រភពព័ត៌មានពី​សម្ដី​យុវ​ជន​រងគ្រោះ​ទាំង​២​នាក់ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុពួក​គេ​បាន​ចេញ​ពី​ធ្វើ​ការ ហើយ​នាំ​គ្នា​មក​អង្គុយ​លើ​ម៉ូតូ​និយាយ​គ្នា​លេង​លើ​ចញ្ចើម​ផ្លូវ​ក្បែរ​កន្លែង​កើត​ហេតុ ខណៈ​ពេល​នោះ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-2551 បាន​បើកបរ​តាម​បណ្ដោយផ្លូវ​២១៧​(ហៅ​ផ្លូវ​ចំការ​ដូង) ទិស​ដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿ​ន​យ៉ាង​លឿន ហើយ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ ដោយវ៉ា​ពី​ខាង​ស្ដាំ រួចក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ​ម៉ាក​គុប​មូល គ្មាន​ស្លាក​លេខ ​ដែលពួកគេកំពុងតែអង្គុយលើ ទាំង​កំរោល​តែ​ម្ដង ធ្វើ​ឲ្យ​ពួកគេ​ទាំង​២​ភ័យ​រត់​ចេញ​ពី​ម៉ូតូ​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់ និង​បណ្ដាល​ឲ្យ​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​អូស​ជាង​៥០​ម៉ែត្រ ​ទើប​ឈប់ ហើយ​អ្នក​បើក​បរ​បាន​ចុះ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ព្រោះ​ទំនង​ជា​ភ័យ​ខ្លាច​ថា​បុក​គេ​ឲ្យ​របួស ឬ​ស្លាប់។

ក្រោយ​ពេល​កើត​ហេតុ យុវជន​ទាំង​២​នាក់​មិន​បាន​រង​របួស​នោះ​ទេ ហើយ​បាន​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ដល់​កន្លែង​កើត​ហេតុ។

មួយ​សន្ទុះ​ក្រោយ​មក​ក៏​ស្រាប់​តែ​មាន​តំណាង​ខាង​រថយន្ត​បង្ក​លេច​មុខ​មក​ចរចារ​គ្នា​ជា​មួយ​ជន​រងគ្រោះ ហើយ​ព្រម​សង​ការ​ខូច​ខាត​ទៅ​លើ​ម្ចាស់​ម៉ូតូ​ចំនួន១០០ដុល្លា និង​ថែម​លុយ​អឺរ៉ូ​ចំនួន​២០​អឺរ៉ូ ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ​ដោយ​មិន​ចង់​រំខាន​ដល់​សមត្ថ​កិច្ច៕

មតិយោបល់