ព័ត៌មានជាតិ

ម៉ូតូកង់បីនិងម៉ូតូវីវ៉ាបើកបរមិនប្រយ័ត្ន បុកហ្វូងគោឆ្លងផ្លូវបណ្ដាលរងរបួសទាំងសងខាង!

ភ្នំពេញ: បុរស២នាក់បានរងរបួសដូចគ្នា ក្នុងខណ:ពេលដែលពួកគាត់បើកបរម៉ូតូក្នុងទិសដៅច្រាស់គ្នាហើយស្រាប់តែមានគោមួយហ្វូងរត់ឆ្លងកាត់ផ្លូវ ធ្វើឲ្យវាក់ជាន់ហ្វ្រាំងមិនទាន់ ក៏បានបុកគោពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ ចំណែកម៉ូតូវីវ៉ាបានដួល បោកទៅលើថ្នល់ទាំងកម្រោលតែម្ដង ចំណែកគោ១ក្បាលក៏បានដួលងើបមិនរួចផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូកង់បី១គ្រឿងនោះដឹកទំនិញ ពាក់ស្លាកលេខភ្នំពេញ 1B-7826 ចំណែកម៉ូតូម៉ាក ស៊ុយស៊ូគីវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ច-8315 ភព1ហើយអ្នកបើកបរម៉ូតូនេះនិងម៉ូតូកង់បីបានរងរបួស ដូចគ្នានិងមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូកង់បីដឹកទំនិញ បានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូស៊ុយស៊ូគីវីវ៉ាបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោមួយហ្វូងរត់ឆ្លងផ្លូវពីលិចទៅកើត បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងនោះវាក់ជាន់ហ្វ្រាំងមិនជាប់ ក៏បានបុកគោហើយខណ:នោះម៉ូតូកង់បីបានក្រឡាប់ និងម៉ូតូវីវ៉ាបានដួល បោកទៅលើថ្នល់រងរបួសអ្នកបើកបរទាំងសងខាង ដោយឡែកមេគោ១ក្បាលដែលត្រូវម៉ូតូកង់បីបុកនោះ បានដួលងើបលែងរួចទៀតផង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្ដិ៍សំរោងក្រោមបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យ និងបាននាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្ដិ៍ ព្រមទាំងធ្វើការស្រាវជ្រាវរកម្ចាស់គោឲ្យចូលខ្លួនទៅទទួលខុសត្រូវលើហេតុការណ៍នោះផងដែរ៕

មតិយោបល់