ព័ត៌មានជាតិ

រួមគ្នាផ្សព្វផ្សាយអំពី អនុសញ្ញា 3 Rio Convention របស់អង្គការសហប្រជាជាតិ

ភ្នំពេញៈ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីអនុសញ្ញាសហប្រជាជាតិ និងអនុញ្ញាក្របខណ្ឌ ដែលទាក់ទងនិងជីវចម្រុះ ការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងទីរហោស្ថានកម្មនានារបស់អង្គការសហប្រជាជាតិ ឲ្យកាន់តែទូលំទូលាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ កម្ពុជាធ្វើពិធីផ្សព្វផ្សាយគម្រោងអនុសញ្ញា 3 Rio Convention នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ។

អនុសញ្ញារីយ៉ូទាំងបី (3 Rio Convention) នេះរួមមានៈ អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UN-CBD) អនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងអនុសញ្ញាសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងទីរហោស្ថានកម្ម (UNCCD)។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោងអនុសញ្ញារីយ៉ូទាំងបី (3 Rio Convention) ដែលអនុវត្តដោយនាយកដ្ឋានជីវៈចម្រុះ និងនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

សិក្ខាសាលាផ្សព្វផ្សាយគម្រោង បង្កើត ទទួលបាន និងប្រើប្រាស់ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងអនុសញ្ញារីយ៉ូទាំងបីនេះ ធ្វើឡើងក្រោមវត្តមានលោក យិន គិមស៊ាន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានកិច្ចសហការរៀបចំដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមការឧបត្ថម្ភថវិកាពីមូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងមានសិក្ខាកាមចូលរួមសរុបប្រមាណជា៨០នាក់ មកពីនាយកដ្ឋានចំណុះ ក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មការជាតិទន្លេមេគង្គ អាជ្ញាធរទន្លេសាប អជ្ញាធរអប្សរា កម្មវិធីអភិវឌ្ឍសហប្រជាជាតិ អង្គការដៃគូរ វិស័យឯកជន និងក្រុមយុវជនស.ស.យ.ក៕
photo_2016-05-26_16-42-49

photo_2016-05-26_16-42-51

មតិយោបល់