ព័ត៌មានជាតិ

នាំខ្លួនបុរសបើករថយន្តបុកមនុស្សស្លាប់ និងរបួសជាង១០នាក់ នៅជិតសាលាបឹងត្របែក ទៅសាកសួរបន្ថែម

ភ្នំពេញៈ ក្រោយពីត្រូវតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នបានមួយរយៈ ជនជាប់ចោទឈ្មោះ មាស សុខហេង ត្រូវបានលោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំខ្លួនមកសាកសួរ បន្ថែមទៀត នៅព្រឹកថ្ងៃ ទី ២០ ខែកក្កដា ឆ្នាំ២០១៧នេះ ពីបទ បើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ ច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក ដោយបានបើករថយន្តបុកមនុស្សស្លាប់ ៣នាក់ និងរងរបួស ចំនួន ៨នាក់ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែក ក្នុងខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ កន្លងទៅជនជាប់ចោទ ឈ្មោះ មាស សុខហេង មុខរបរលក់ទូរសព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បញ្ច្រាសទិស បុករះម៉ូតូ៧គ្រឿង នា បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់ស្រាលចំនួន ៨នាក់។

ជនរងគ្រោះ ៣នាក់ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរួមមានទី១ឈ្មោះ វ៉ង សុខណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីទី២ឈ្មោះ សេង អាន ភេទស្រី អាយុ ២៥ឆ្នាំ និងទី៣ឈ្មោះ ណា ស្រីនីន ភេទស្រីអាយុ ២៣ឆ្នាំ ជាក្មួយស្រី ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕

https://youtu.be/36xe08xqrjY

មតិយោបល់