ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកអ្នកថ្មើរជើង ដួលខ្ទាតចូលក្រោមកង់យីឌុប ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់!

ភ្នំពេញ: បុរស២នាក់ជិះម៉ូតូមួយគ្រឿងលឿនជ្រុលទៅប៉ះនារីម្នាក់កំពុងដើរឆ្លងថ្នល់ ហើយដួលខ្ទាតចូលក្រោមរថយន្តយីឌុបបុកកិនស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង មុខផ្សារឯករាជ្យ៣ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងមានគ្រោះ ចាន់ ណា អាយុ២៧ឆ្នាំ មុខរបរជាងសំណង់នៅកោះពេជ្យ ស្នាក់នៅកន្លែងការដ្ឋានមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-3819។

តាមសាក្សីពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូម៉ាកស្មាស់រីវ៉ូខាងលើតាមបណ្តោយផ្លូវ វេងស្រេងក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ក៏មាននារីម្នាក់ដើរឆ្លងផ្លូវពីជើងទៅត្បូង ត្រូវបុក២នាក់ជិះម៉ូតូប៉ះបណ្តាលឲ្យនារីឆ្លងផ្លូវនោះដួលបោកក្បាលហូរឈាមរងរបួសធ្ងន់ ចំណែកបុរសទៀត២នាក់ដែលជិះម៉ូតូដួលដែរ ស្របពេលនោះក៏មានរថយន្តសណ្តោងមួយគ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ 3B-7798 បើកមកដល់កិនបុរសជាអ្នកឌុបបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកបុរសដែលជិះពីក្រោយរងរបួសធ្ងន់ រីឯម៉ូតូគៀបជាប់ក្រោមរថយន្ត ធ្វើឲ្យរថយន្តទៅលែងរួច ភ្លាមនោះ អ្នកបើកបររថយន្តរត់បាត់ហើយប្រជាពលរដ្ឋចាប់បានព្រូម្នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំព្រូឡានដែលចាប់បានទៅប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីទុកប្រគល់ជូនចររាចរណ៍ក្រុង វាសវែងយករថយន្តបង្កនិងម៉ូតូទៅទុកនៅការិយាល័យចររាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់