ព័ត៌មានជាតិ

អុញដល់ថ្នាក់ហ្នឹងផងស្រីស្អាត! នារីរូបស្រស់ម្នាក់ ស្រវឹងបើករថយន្តជាន់គ្មានប្រណីបុករះសួនលក់ដើមឈើ ក្រឡាប់រថយន្តច្រង៉ាង

ភ្នំពេញ: នារីរូបស្រស់ស្អាតម្នាក់ ស្រវឹងជោគជាំ បើករថយន្តម៉ាកព្រុសយ៉ាងលឿនដូចហោះ រេចង្កូតទៅបុករះសួនលក់ដើមឈើនិងផ្កា បាក់អស់ជាច្រើន ប៉ើងរថយន្ត ក្រឡាប់ផ្ងារជើងឡើងច្រង៉ាងរងការខូចខាតយ៉ាងដំណំ។ សំណាងល្អណាស់មិនបង្កឲ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនលក់ដើមឈើនិងផ្កា ទល់មុខផ្ទះលោក ជា សុផារ៉ា តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តបង្កម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8625 បើកបរដោយនារីម្នាក់បានស្រវឹងជោគជាំ បើកបរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនយ៉ាងលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុករះសួនលក់ដើមឈើនិងលក់ផ្កា បណ្ដាលឲ្យបាក់អស់ជាច្រើនដើមរងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងឡើងច្រង៉ាង សំណាងល្អណាស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យអ្នកបើករថយន្តបង្ករងរបួសធ្ងន់ធ្ងរអ្វីនោះទេ ។

ក្រោយពេលកើតហេតុភ្លាមៗ ម្ចាស់ទីតាំងដែលបានរងការខូចខាតទាំងប៉ុន្មាន បានចេញមកមើលនិងជួយយកនារីរងគ្រោះចេញពីក្នុងរថយន្តបង្ក រួចទំនាក់ទំនងទៅសាច់ញាតិនារីខាងលើឲ្យមកទទួលយកទៅផ្ទះរបស់ខ្លួន ។ ក្រោយមកក៏សង្កេតឃើញវត្តមានសមត្ថកិច្ចជំនាញខាងផ្នែកចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ តាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់