ភ្នំពេញៈ ចាប់ពីថ្ងៃទី៤ កក្កដាតទៅ កម្មវិធីប្រកួតប្រជែងសមត្ថកិច្ចដ៏ពេញនិយមរបស់ទូរទស្សន៍ PNN ដែលមានឈ្មោះថា «មុខរបរខ្ញុំ»វគ្គ២ នឹងបើកដំណើរការហើយ បន្ទាប់ពីកម្មវិធីវគ្គ១ត្រូវបានបញ្ចប់ដោយជោគជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារទូរទស្សន៍PNN កាលពីថ្ងៃទី២៩ មិថុនា នៅក្នុងសណ្ឋាគារភ្នំពេញ។
កញ្ញា អេមី អ្នកផលិតកម្មវិធី បានអះអាងថា ការប្រកួតវគ្គ២ក្នុងកម្មវិធី«មុខរបរខ្ញុំ»លើកនេះ មានបេក្ខជនបេក្ខនារីចូលរួមចំនួន១០រូប ដោយក្នុងចំណោមទាំង១០រូបនោះ គឺ៨រូបជាម្ចាស់អាជីវកម្មខ្នាតតូចដែលមានដំណើរស្រាប់ និង២រូបទៀតគឺជានិស្សិតដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្ម។
កម្មវិធីនេះ កញ្ញាថាខុសប្លែកពីលើកទី១ ដោយសារនៅក្នុងវគ្គថ្មីនេះ មិនមានអ្នកកាត់សេចក្ដីជាចៅក្រមដូចមុនទៀតទេ ដោយក្រុមប្រកួតប្រជែងគឺជាអ្នកជម្រុះគ្នាទៅវិញទៅមកតែម្ដង។ ក្នុងនោះវិញ្ញាសារអាជីវកម្មក៏មិនមែនមានតែបើកហាងមួយមុខដូចមុនទៀតដែរ គឺមានមុខរបរ៨ប្រភេទដោយឡែកពីគ្នាតម្រូវឲ្យបេក្ខជនបេក្ខនារីធ្វើផែនការខុសៗពីគ្នាតែម្ដង។
កម្មវិធី «មុខរបរខ្ញុំ»វគ្គ២ នឹងរំពឹងទទួលបានជោគជ័យពេញទំហឹងដោយសារតែកម្មវិធីនេះវគ្គ១គឺមានការគាំទ្រខ្លាំង។ កម្មវិធីនេះត្រូវបានដំណើរថតទុក និងប្រកួតប្រជែងជាបណ្ដើរៗហើយ ដោយការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផ្លូវការនឹងចាប់ពីថ្ងៃទី៤ កក្កដាតទៅ ដោយមានលោកទេព រិន្ទដារ៉ូ ធ្វើជាពិធីករនៅក្នុងកម្មវិធីវិញ៕
មតិយោបល់